ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានសម្រេចបញ្ចប់ការធ្វើអាជីវកម្មលើផ្លូវដែករបស់ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដោយទុកឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន រង់ចាំរកក្រុមហ៊ុនថ្មីមកវិនិយោគធ្វើឱ្យផ្លូវដែកកាន់តែប្រសើរ។
សម្តេចតេជោថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩ នេះថា “ការសម្រេចបបញ្ចប់ការធ្វើអាជីវកម្មនេះ មិនមែនជាកំហុសរបស់ឧកញ៉ា គិត ម៉េង នោះទេ តែជាការរកវិធីធ្វើឱ្យប្រសើរលើផ្លូវដែករបស់កម្ពុជា”។
សម្តេចតេជោក៏បានថ្លែងពីការដេញថ្លៃ វិនិយោគលើផ្លូវរថភ្លើងជាថ្មី គឺបើកចំហរឱ្យគ្រប់ក្រុមហ៊ុនចូលរួមដេញថ្លៃ មិនមែនចងមុងដេញថ្លៃដូចមុនទៀតទេ ហើយសម្តេចបានបញ្ជាឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ចេញថវិកាទូទាត់សំណងជូនក្រុមហ៊ុនឧកញ៉ា គិត ម៉េង ក្រោយបញ្ចប់ការធ្វើអាជីវកម្មផ្លូវដែក ដោយក្នុងនោះរាជរដ្ឋាភិបាលមានប្រាក់បម្រុងក្នុងរតនគារប្រមាណ ៣,០០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើទៅឯកអគ្គរដ្ឋទូតចិន វៀតណាម និងជប៉ុន ជួយផ្តល់ក្បាលម៉ាស៊ីនរថភ្លើង និងអភិវឌ្ឍន៍ផ្លូវដែករបស់កម្ពុជា៕






