ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា នៅក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលនឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត ធ្វើការចុះបញ្ជីរដីធ្លីចំនួន៥០០០នាក់ នៅទីទាំងប្រទេស។
សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាល្ងាចថ្ងៃទី២៦ វិច្ឆិកានេះ។
សម្តេចបានបន្តថា “រាជរដ្ឋាភិបាលបានត្រៀមថវិកាចំនួន១០០លានដុល្លារ សម្រាប់ធ្វើកិច្ចការងារនេះ ជាមួយនឹងការរៀបចំប័ណ្ណសរុបចំនួន៧,៧លានក្បាលដី”។
សម្តេចបានជម្រុញឲ្យមន្រ្តីជំនាញ និងអាជ្ញាធរពន្លឿនការផ្តល់ប័ណ្ណក្បាលដី ដល់ប្រជាពលរដ្ឋឲ្យបានលឿន។
សម្តេចបានបន្តថា ខេត្តកំពង់ចាមជាខេត្តទី១ ដែលបញ្ចប់ការចុះបញ្ជីរក្បាលដីមុនគេ ដែលការងារចុះបញ្ជីរក្បាលដីនៅទូទាំងប្រទេស គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ខាងមុខ៕