ក្រុមសេដ្ឋវិទូ: គោលនយោបាយពន្ធរបស់លោកត្រាំអាចមាន ផលពីរសេដ្ឋកិច្ចអាស៊ីខណៈកម្ពុជា ថៃ វៀតណាមអាចទទួលបានផលច្រើន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការដាក់ពន្ធលើទំនិញនាំចូល ពីបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ រួមមាន ប្រទេសម៉ិកស៊ិក កាណាដា និងចិន។

តើផែនការពន្ធថ្មីនេះបង្កជាបញ្ហាប្រឈម និងឱកាសអ្វីខ្លះសម្រា​ប់សេដ្ឋកិច្ចរបស់តំបន់អាស៊ី ?

គោលនយោបាយពន្ធថ្មីនេះ ត្រូវបានគេរំពឹងថា នឹងអនុវត្តន៍ចាប់ពីថ្ងៃដំបូង នៃការឡើងកាន់តំណែង ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ដែលអាចជះឥទ្ធិពលយ៉ាងសំខាន់ទៅលើសេដ្ឋកិច្ចពិភពលោក ជាពិសេសតំបន់អាស៊ី ដែលពឹងផ្អែកលើការនាំចេញទៅកាន់ទីផ្សារអាមេរិក។

ឥទ្ធិពលនៃគោលនយោបាយពន្ធ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ នឹងមិនត្រឹមតែបង្កឱ្យមានភាពតាន​តឹងផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដាក់សម្ពាធលើបណ្តាប្រទេស ដែលមានសេដ្ឋកិច្ច ពឹងផ្អែកលើការនាំចេញផងដែរ។

នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញធំជាងគេទី២ របស់កូរ៉េខាងត្បូង និងជាទីផ្សារនាំចេញកំពូលរបស់ប្រទេសជប៉ុន។ ជាមួយគ្នានេះ បណ្តាប្រទេសអាស៊ានជាច្រើនដូចជា វៀតណាម ថៃ និងឥណ្ឌូនេស៊ី ក៏បានចាត់ទុកអាមេរិក ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតមួយ របស់ពួកគេផងដែរ។

ទោះជាយ៉ាងណាក្តី គោលនយោបាយនេះ ក៏បើកឱកាសសម្រាប់បណ្តាប្រទេសមួយចំនួនក្នុងតំបន់។ តួយ៉ាង តំបន់អាស៊ាន អាចក្លាយជាគោលដៅថ្មី សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់របស់បណ្តាក្រុមហ៊ុននានា ដែលកំពុងធ្វើពិពិធកម្មចេញមកពីចិន។

សហគ្រាសធំៗមួយចំនួន គ្រោងផ្លាស់ប្តូរមូលដ្ឋានផលិត​កម្មចេញពីចិន ទៅកាន់បណ្តាប្រទេស ដូចជា វៀតណាម កម្ពុជា និងថៃ។

ជាក់ស្ដែងថ្មីៗនេះ ក្រុមហ៊ុនផលិតស្បែកជើង Steve Madden បានប្រកាសថា ខ្លួននឹងកាត់បន្ថយការផលិតនៅចិនពាក់កណ្តាល និងផ្លាស់ប្តូរទីតាំងផលិត ទៅកាន់បណ្តាប្រទេសអាស៊ាន។

ម្យ៉ាងវិញទៀត គោលនយោបាយពន្ធថ្មីនេះ ក៏បង្កើនសម្ពា​ធលើសេដ្ឋកិច្ចអាមេរិកផងដែរ។ ជាមួយនឹងអត្រាពន្ធខ្ពស់លើការនាំចូល តម្លៃទំនិញក្នុងស្រុករបស់អាមេរិក ត្រូវបានគេរំពឹងថា នឹងកើនឡើង ឬបង្កជាអតិផរណា។ ការណ៍នេះអាចជះផលប៉ះពាល់ដល់អំណាច នៃការទិញដោយផ្ទាល់នៅក្នុងទីផ្សារអាមេរិក ដោយកាត់បន្ថយតម្រូវការនាំចូលទំនិញពីតំបន់អាស៊ី។

លើសពីនេះ ឱនភាពពាណិជ្ជកម្មរវាងអាមេរិក និងបណ្តាប្រទេសអាស៊ីនៅតែជាបញ្ហាធំ។ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក បានជួបប្រទះឱនភាពពាណិជ្ជកម្មដ៏ធំជាមួយចិន ម៉ិកស៊ិក និងវៀតណាម។

ក្រុមសេដ្ឋវិទូលើកឡើងថា “គោលនយោបាយពន្ធថ្មីរបស់លោក ត្រាំ អាចក្លាយជា“កាំបិតមុខពីរ”។ ពន្ធទាំងនេះនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម និងជំរុញវិស័យផលិតកម្មក្នុងស្រុករបស់អាមេរិក។ ប៉ុន្តែគោលនយោបាយនេះ ក៏អាចធ្វើឱ្យការប្រកួតប្រជែងជាសកលរបស់អាមេរិកថយចុះ និងបង្កជាផលប៉ះពាល់ ដល់ទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ៕ប្រភព: CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here