ដោយៈ និស្ស័យ
ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកសួន សុផល បានដឹកនាំសហការី ទទួលជួបពិភាក្សាការងារជាមួយ លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្តZhejiang សាធារណរដ្ឋប្រជាមានិតចិន។
ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពិគ្រោះយោបល់ លើកាលានុវត្តភាពវិនិយោគ លើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញ។
-->

ក្នុងជំនួបនេះ លោកសូន សុផល បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរក្នុងការពង្រឹងមិត្តភាពដែកថែប និងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី។
ក្នុងស្មារតីនេះ ការចូលរួមចំណែក នៃរំហូរវិនិយោគផ្ទាល់ពីប្រទេសចិន បានដើរតួនាទីដ៏សំខាន់ ក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។
លោកសួន សុផល បានលើកទឹកចិត្តឱ្យសមភាគីបន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និងថាមពលកម្ពុជាក្នុងគោលដៅសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ជាលក្ខណៈបច្ចេកទេស ពីក្រសួងជំនាញ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកទ្វារចំហស្វាគមន៍ជានិច្ច ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និងប្បញ្ញត្តិជាធរមាន។

លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology Group Co., Ltd. បានសម្តែងនូវការកត់សម្គាល់ អំពីថាមភាពរបស់កម្ពុជា ក្នុងការពង្រឹងបន្ថែមនូវទំនាក់ទំនងមិត្តភាពដែកថែប រវាងកម្ពុជា-ចិន ព្រមទាំងភាពសកម្មក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ក្រោមគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ ហើយលោកជឿជាក់ថា ការវិនិយោគផ្ទាល់ពីប្រទេសចិន ពិតជាបានជះផលវិជ្ជមាន លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន។
លោកបានទទួលយកអនុសាសន៍ ណែនាំរបស់ លោកអគ្គលេខាធិការរង និងបានបង្ហាញសុទិដ្ឋិនិយមថា Windey Energy Technology Group Co., Ltd. នឹងអាចមានឱកាសបណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យថាមពលស្អាតនាពេលខាងមុខ៕