អ្នកវិនិយោគអាមេរិកមកពី១៦ក្រុមហ៊ុនចាប់អារម្មណ៍លើឱកាស វិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូវិនិយោគ របស់អាមេរិកចំនួន១៦ក្រុមហ៊ុន ដឹកនាំដោយលោកគឹម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា និងជាប្រធានការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគ របស់អាមេរិកនាឱកាសនេះ គឺកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយផ្ទាល់ដោយលោកឧបនាយករដ្ឋមន្ត្រី ទៅកាន់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

ដំណើរទស្សនកិច្ចរបស់ប្រតិភូវិនិយោគ របស់អាមេរិកមកដល់ប្រទេសកម្ពុជាដោយផ្ទាល់នេះ បានបង្ហាញពីភាពទាក់ទាញខ្ពស់ ប្រកបដោយសក្តានុពល និងភាពអំណោយផលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស ក្រុមហ៊ុនដែលចូលរួមទាំងនោះបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើវិស័យមានជាអាទិ៍ បច្ចេកវិទ្យា កសិឧស្សាហកម្ម និងអប់រំជាដើម។

លោក គឹម ឆាហួត ក៏បានជម្រាបជូនអំពីផែនការដំណើរបេសកកម្ម របស់គណៈប្រតិភូវិនិយោគសហរដ្ឋអាមេរិកមកកម្ពុជា ដែលនឹងរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណងណែនាំឱ្យធុរកិច្ចជន សហរដ្ឋអាមេរិក បានជួបពិភាក្សាការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការលើកទឹកចិត្តនានាសម្រាប់ការវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here