សម្តេចធិបតីបង្ហើបពីការរៀបចំបេឡាជាតិរបបសន្តិសុខសង្គមជាកញ្ចប់ដល់គ្រួសារ

0

ដោយៈ គង់សូរិយា

   ភ្នំពេញៈ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបអំពីផែនការគិតគូរឲ្យបង្កើតបណ្ណបេឡាជាតិរបបសន្ដិសុខសង្គម ជាកញ្ចប់គ្រួសារតែម្ដង បន្ថែមលើអ្វីដែលមាននៅពេលបច្ចុប្បន្នសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះ។

ផែនការបន្ថែមគិតគូរដល់សុខមាលភាព របស់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលមានទីតាំងស្ថិតនៅសង្កាត់ឃ្នួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “សមាជិក ប.ស.ស ឥលូវមានផ្ទាល់ខ្លួន ប៉ុន្ដែអ្នកនៅក្នុងបន្ទុកអត់មានទេ យើងបង្កើតក្នុងរូបភាពមួយ របបសន្ដិសុខសង្គមដោយស្ម័គ្រចិត្ត ដោយបង់សេវា១៥៦០០រៀលក្នុងមួយខែ គាត់អាចទទួលបាននូវរបបសន្ដិសុខដូចគ្នា”។ សម្តេចបន្ថែមថា “ថ្ងៃមុនខ្ញុំប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម ហេង សួរ ឲ្យគិតមើលកញ្ចប់បន្ថែមទៀតលក្ខណៈគ្រួសារ”។

ក្នុងន័យនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្រាប់អ្នកដែលស្ម័គ្រចិត្ត ប្រើប្រាស់សេវាបេឡាជាតិរបបសន្ដិសុខសង្គម ដោយបង់សេវាប្រចាំការ គួរតែផ្ដល់នូវការលើកទឹកចិត្ត ក្នុងតម្លៃសមរម្យណាមួយ ដើម្បីឲ្យគាត់អាចប្រើប្រាស់ជាកញ្ចប់គ្រួសារតែម្ដង ក្នុងមានទាំងប្ដី ប្រពន្ធ និងកូនៗនៅក្នុងបន្ទុក។ ការណ៍នេះ នឹងសម្រួលដល់ការកាត់បន្ថយ នូវការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការទៅទទួលសេវាសុខាភិបាល។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រី ឈរលើស្មារតីគិតគូរធានាឲ្យប្រជាពលរដ្ឋ ទទួលបានសេវាសុខាភិបាលនេះហើយ ទើបរាជរដ្ឋាភិបាល បង្កើតឲ្យមានបណ្ណសមធម៌សុខាភិបាល សម្រាប់ប្រជាពលរដ្ឋដែលមិនមានការងារធ្វើ ឬមុខរបរ ហើយងាយរងហានិភ័យ ដោយរដ្ឋជាអ្នកទទួលបន្ទុកលើការចំណាយធានារ៉ាប់រង។

ដោយឡែក បេឡាជាតិរបបសន្តិសុខសង្គម ឬ ប.ស.ស ត្រូវបានបែងចែកដាច់ពីគ្នា រវាងមន្ដ្រីរាជការ (រដ្ឋជាអ្នកទទួលបន្ទុកចំណាយ) បុគ្គលក្រុមហ៊ុន កម្មករ កម្មការិនី (និយោជកជាអ្នកទទួលបន្ទុកចំណា​យ) និងស្វ័យនិយោជន៍ ដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ (បង់សេវាប្រចាំការដោយខ្លួនឯង)។

ជាមួយគ្នានេះ សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គិតមកទល់ពេលនេះក្នុងគោ​ល​នយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានគិតគូររៀបចំទាំងកញ្ចប់ មូលនិធិសមធម៌សុខាភិបាល ទាំងប.ស.ស កាតព្វកិច្ច និងស្ម័គ្រចិត្ត គ្របដណ្ដប់លើប្រជាពលរដ្ឋចំនួន៧,៣០០,០០០នាក់ ដែលជាចំនួនមួយកើនឡើងគួរឲ្យកត់សម្គាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here