ដោយ: គង់ លាងហួរ
បាងកក: ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃកំពុងមានការប្រែប្រួល ស្របពេលដែលមនុស្សកាន់តែច្រើនជ្រើសរើសការជួល ដោយសារបញ្ហាប្រឈមសេដ្ឋកិច្ច បំណុលគ្រួសារ និងការកើនឡើងនៃអត្រាការប្រាក់។
លោក Phuwanai Phattaraphokin នាយកប្រតិបត្តិនៃក្រុមហ៊ុនវេទិកាអចលនទ្រព្យ LivingInsider Co បានអះអាងថា ទិន្នន័យដែលបង្ហាញពីការស្រាវជ្រាវរកអចលនទ្រព្យសម្រាប់ជួលបានកើនឡើងដល់ចំនួន៥៧លានដង(view) នៅឆ្នាំនេះ កើនឡើង១៣%ធៀបនឹងឆ្នាំមុន។

-->
ផ្ទុយទៅវិញ ទិន្នន័យនៃការស្រាវជ្រាវរកអចលនទ្រព្យសម្រាប់ទិញបានដាំក្បាលចុះដល់ចំនួន៤៧លានដង (views) ធ្លាក់ចុះ២០ភាគរយធៀបនឹងឆ្នាំ២០២៣។
លោកបន្តថា ដោយគិតពីបរិយាកាសសេដ្ឋកិច្ច និងផ្នត់គំនិតបច្ចុប្បន្ន ការជួលត្រូវបានចាត់ទុកថា ជាជម្រើសល្អជាងការទិញ។

យ៉ាងណាមិញ ទីផ្សារជួលអចលនទ្រព្យនៅក្នុងទីតាំងសំខាន់ៗមួយចំនួននៅតែបន្តមានដំណើរការល្អប្រសើរ ហើយប្រជាជនថៃនៅតែចាត់ទុកអចលនទ្រព្យជាឱកាសវិនិយោគដ៏រឹងមាំមួយ។
នៅឆ្នាំ២០២៤នេះ ចំនួន៧៤ភាគរយនៃអ្នកស្វែងរកអចលនទ្រព្យក្នុងទីក្រុង(Urban property seekers)ត្រូវបានគេរកឃើញថា ចូលចិត្តខុនដូ។ ម្យ៉ាងទៀត យូនីតខុនដូដែលមានបន្ទប់គេងចំនួនមួយទទួលបានការពេញនិយមបំផុតក្នុងចំណោមអ្នកស្វែងរកទាំងនោះ។
តើខុនដូសម្រាប់លក់ និងសម្រាប់ជួលនៅប្រទេសថៃមានតម្លៃបែបណា?

តម្លៃខុនដូសម្រាប់លក់នៅក្នុងទីក្រុងនានានៃប្រទេសថៃមានទំហំទឹកប្រាក់ជាមធ្យមចំនួន៦,៨លានបាត(ប្រហែល១៩៨.៧១១ដុល្លារ)ក្នុងមួយយូនីត ខណៈតម្លៃខុនដូនៅជាយក្រុងមានទំហំទឹកប្រាក់ជាមធ្យមចំនួន៣,២លានបាត(ប្រហែល៩៣.៥១៣ដុល្លារ)ក្នុងមួយយូនីត។
ដោយឡែក តម្លៃខុនដូសម្រាប់ជួលមានទំហំទឹកប្រាក់ជាមធ្យមចំនួន១៤.០០០បាត(ប្រហែល៤១០ដុល្លារ)ក្នុងមួយខែ ខណៈតម្លៃជួលខុនដូនៅជាយក្រុងមានទំហំទឹកប្រាក់ជាមធ្យមចំនួន៧.៤០០បាត(ប្រហែល២១៦,២៥ដុល្លារ)ក្នុងមួយខែ៕ប្រភព: The Nation ៕
