ដោយៈ គង់ សូរិយា
ភ្នំពេញៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរមេគង្គ ខេត្តក្រចេះ គិតរហូតដល់ដើមខែធ្នូនេះ សម្រេចលទ្ធផល៧៧,០២ភាគរយហើយ។
គម្រោងហេដ្ឋារចនាសម្ព័ន្ឋនេះទាំងមូល រួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ស្ពានមធ្យមចំនួន២កន្លែង ស្ពានខ្លី១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤ភាគរយផងដែឬ។ នេះបើតាមការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកបានបន្ថែមថា បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ គម្រោងនេះជាផ្នែកនៃផ្លូវជាតិ ដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់ តភ្ជាប់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥៩គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះប្រវែង១៦,២០៨គីឡូម៉ែត្រ៕