ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញ និងក្លាយជាអ្នកអភិវឌ្ឍន៍កំពុងលេចធ្លោមួយរូប អ្នកឧកញ៉ាសំ សុខនឿនបានថ្លែងថា តំបន់អរិយក្សត្រ ជាគ្រាប់ពេជ្រមិនទាន់ច្នៃ ដែលបាននិងកំពុងបង្ហាញសក្តានុពល។
អ្នកឧកញ៉ា ដែលជាប្រធានសម្ព័ន្ខក្រុមហ៊ុនSAM SN GROUPបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៧ ធ្នូនេះថា ស្របពេលសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមអភិវឌ្ឍន៍នៅភាគខាងកើតរាជធានី លោកមានជំនឿថា តំបន់នេះ នឹងមានភាពទាក់ទាញកាន់តែខ្លាំង ហើយនៅពេលស្ពានសាងសង់បញ្ចប់ តំបន់នេះប្រៀបដូចគ្រាប់ពេជ្រដែលច្នៃរួច ហើយមាននឹងការអភិវឌ្ឍមិនចាញ់តំបន់ជ្រោយចង្វារនោះទេ។
-->

អ្នកឧកញ៉ាបន្តថា “ដីនៅតំបន់ជ្រោយចង្វារបច្ចុប្បន្ន មានតម្លៃចន្លោះ៥០០ ទៅ១០០០ដុល្លារ និង២០០០ដុល្លារ ខណៈដីនៅតំបន់អរិយក្សត្រមានតម្លៃចន្លោះពី៥០ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង និងទំហំដី។ ហេតុនេះពេលគំរោងទីក្រុងរណបMekong Quay សាងសង់បានលឿន និងស្ពានសាងសង់ចប់ តម្លៃដីនឹងកើនឡើងខ្ពស់”។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា ទីតាំងតំបន់អរិយក្សត្រ ជាតំបន់ដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍ ព្រោះបើគិតពីទីតាំងពីកោះពេជ្រគឺឆ្លងដល់តែម្តង ពិសេសមានលក្ខខ័ណ្ឌភូមិសាស្រ្តអំណោយផល ដោយមានទីតាំងជាប់មាត់ទន្លេរ មានទេសភាពស្អាត និងខ្យល់អាកាសល្អ។

អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា អរិយក្សត្រជាទីតាំង ដែលអ្នកអភិវឌ្ឍន៍ចាប់អារម្មណ៍យូរមកហើយ បើទោះបីជាមិនទាន់មានគំរោងយក្សអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែអ្វីដែលអ្នកអភិវឌ្ឍន៍បាននិងកំពុងគិត គឺរង់ចាំស្ពាន ហេតុនេះនៅពេលស្ពានសាងសង់ ក្រុមហ៊ុនជាតិ អន្តរជាតិ នឹងចាប់ផ្តើមអភិវឌ្ឍន៍នៅតំបន់អរិយក្សត្រ។
អ្នកឧកញ៉ាបញ្ជាក់ថា “ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកធំៗ កំពុងរង់ចាំស្ពាន ហើយនៅពេលស្ពានសាងសង់ តំបន់នេះនឹងមានការអភិវឌ្ឍ ពីអ្នកអភិវឌ្ឍន៍កន្លែងស្នាក់នៅ អាគារខុនដូ អាគារពាណិជ្ជកម្មកាន់តែច្រើន”។

អ្នកឧកញ៉ាបានបន្ថែមថា ដីនៅតំបន់នោះ មានតម្លៃសមរម្យនៅឡើយ ដែលងាយស្រូលសម្រាប់អភិវឌ្ឍន៍ ដែលអ្នកអភិវឌ្ឈន៍បុរីធំៗ នឹងសាងសង់ផ្ទះ ដែលមានតម្លៃល្អ សមរម្យ សម្រាប់បំរើសេចក្តីត្រូវការ និងស្របតាមគោលនយោបាយអភិវឌ្ឍន៍លំនៅដ្ឋាន សម្រាប់ប្រជាជនមានជីវភាពមធ្យមរបស់រដ្ឋាភិបាល៕