ខេត្តព្រះសីហនុរៀបចំវេទិកាទាក់ទាញការវិនិយោគជាមួយអ្នកធុរកិច្ចអន្តរជាតិ

0

ដោយៈ និស្ស័យ

   ព្រះសីហនុៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ ជំរុញការវិនិយោគខេត្តព្រះសីហនុ និងលោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញបើកវេទិកាវិនិយោគខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុនៅថ្ងៃទី១៧ ធ្នូនេះ។

វេទិកានេះ មានការចូលរួមពីអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ និងវិនិយោគិនជាតិនិងអន្តរជាតិ។

លោកម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងវេទិកាវិនិយោគ នៅខេត្តព្រះសីហនុ ដែលមានមកពីប្រទេសចិន ប្រទេសកូរ៉េ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតនៅលើទឹកដី នៃខេត្តព្រះសីហនុ ដែលជាតំបន់ ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ត្រូវបានប្រសិទ្ធនាមថាជា “តារារៈនាទិសនិរតី” និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាឱកាសដ៏វិសេសវិសាលនេះ។

វេទិកានេះ ក្នុងគោល បំណងបង្ហាញដល់វិនិយោគិន ដែលកំពុងវិនិយោគ និងវិនិយោគិនថ្មីៗទៀត ដែលចាប់អារម្មណ៍មកវិនិយោគ ក្នុងខេត្តព្រះសីហនុ លើសក្តានុពលរបស់ខេត្តព្រះសីហនុ ជាពិសេសកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដាក់ចេញនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

វេទិកាវិនិ យោគនៅខេត្តព្រះសីហនុ នាពេលនេះ នឹងដើរតួជាវេទិកាសម្រាប់ការសន្ទនា និងការផ្លា​ស់ប្តូរចំណេះដឹង ដែលអនុញ្ញាតឱ្យវិនិយោគិនបង្ហាញពីគុណសម្បត្តិ និងអត្ថប្រយោជន៍ពិសេសនៃការវិនិ​យោគក្នុងខេត្ត រួមគ្នាស្វែងរកវិធីសាស្រ្តថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា កំពុងជួបប្រទះ និងចាប់យកឱកាសល្អថ្មីៗបន្ថែមទៀត។

លោកម៉ាង ស៊ីណេតបានបញ្ជាក់ថា ជាក់ស្តែង រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤”  ជាលទ្ធផលក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្ត ទទួលបានសំណើសុំលើកទឹកចិត្តចំនួន២១៦គម្រោង ក្នុងនោះគម្រោងដែលទទួលបាន “លិខិតអនុញ្ញាតជាគោលការណ៍” ចំនួន ២១៣​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៦ពាន់លានដុល្លារ (៦.០២៦.០០០.០០០ដុល្លារ)។ ជាមួយគ្នានេះអនុគណៈកម្មាធិការវិនិយោគខេត្ត បានចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានចំនួន១០គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ១៤លានដុល្លារអាមេរិក (ក្នុងនោះសម្រាប់ឆ្នាំ២០២៤ មានចំនួន៣គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧លានដុល្លារអាមេរិក)។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេ​ខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគ ខេត្តព្រះសីហនុ បានស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ អគុណលេខាធិការដ្ឋានក្រុមការងារជំរុញ ការវិនិយោគខេត្តព្រះសីហនុ រដ្ឋបាលខេត្តព្រះសីហនុ និងដៃគូពាក់ព័ន្ធ បានចូលរួមសហការរៀបចំវេទិកាវិនិយោគ នៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សំដៅជំរុញសកម្ម ភាពសេដ្ឋកិច្ច ក្នុងខេត្តព្រះសីហនុតាមរយៈការជំរុញវិនិយោគ ការអភិវឌ្ឋឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល នូវវិធានការ និងយន្តការមានលក្ខណ: ជាកញ្ចប់ប្រទាក់ក្រឡាមុតស្រួច និងសាមញ្ញ គឺជាឱកាសមានតម្លៃសម្រាប់ស្វែងយល់ ពីសក្តានុពលវិនិយោគក្នុងខេត្តព្រះសីហនុ ចក្ខុវិស័យរាជរដ្ឋាភិបាល ក្នុងការកែប្រែក្លាយខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលវិនិយោគ និងអភិវឌ្ឍដ៏រស់រវើកក្នុងក្រខណ្ឌអាស៊ាន ខេត្តព្រះសីហនុមានការរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជឿនលឿន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីបង្កើតបរិយាកាសអំណោយផល សម្រាប់ការធ្វើអាជីវកម្ម និងវិនិយោគ។ វេទិការនេះ ចែករំលែកនិងផ្តល់ព័ត៌មានអំពីអត្ថប្រយោជន៍ពិសេស នៃការវិនិយោគក្នុងខេត្តព្រះសីហនុ លើវិស័យយុទ្ធសាស្ត្រ សំខាន់ៗសម្រាប់របៀវារ:នៃ វេទិការវិនិយោគនៅខេត្តព្រះសីហនុ ដោយផ្តោតលើ វិស័យចំនួន៥ ១.ការផលិត ២.ទេសចរណ៍ និងបដិសណ្ឋារកិច្ច ៣.ភស្តុភារកម្ម និងដឹកជញ្ជូន ៤.ហិរញ្ញវត្ថុធនាគារ និងអចលនទ្រព្យ និង៥.កសិកម្ម និងការកែច្នៃម្ហូបអាហារ។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្តថា វេទិការនេះបានផ្តល់កាលានុវត្តភាព ពិសេសជូនដល់វិនិយោគគិន ដែលមានការចាប់អារម្មណ៍លើធុរកិច្ចក្នុងវិស័យចំនួន៥ តាមរយៈការស្វែងយល់ពីក្រុមហ៊ុនសំខាន់ៗ ដែលបាននឹងកំពុងវិនិយោគ និងប្រកបអាជីវកម្មដោយផ្ទាល់ ព្រមទាំងបានការទទួលឱ្យទៅទស្សនកិច្ចសិក្សា នៅទីតាំងផ្ទាល់ថែមទៀតផង ខ្ញុំសូមលើកទឹកចិត្តឱ្យលោក លោកស្រី និងអ្នកវិនិយោគទាញយកអត្ថប្រយោជន៍ ក្នុងការបង្កើតទំនាក់ទំនង ដើម្បីស្វែងទាញយកឱកាសពីសក្តានុពល នៃខេត្តព្រះសីហនុ តាមលទ្ធភាពជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here