អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗបង្ហាញសុទិដ្ឋិនិយមលើការងើបឡើងវិញលើទីផ្សារអចលនទ្រព្យ បន្ទាប់ពីធនាគារបញ្ចុះអត្រាការប្រាក់ មកត្រឹម៨ភាគរយ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ បានបង្ហាញសុទិដ្ឋិនិ​យមថា ទីផ្សារលំនៅដ្ឋាន និងអចលនទ្រព្យដទៃទៀតនឹងងើបឡើងវិញនៅឆ្នាំ២០២៥ បន្ទាប់ពីធនាគារនានាបានសម្រេចបញ្ចុះ អត្រាការប្រាក់មកត្រឹម៨ភាគរយ។

    លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងស្ថាបនិកបុរីវិមានសំណាង និងបុរីKS Residenceបានមានប្រសាសន៍ឲ្យដឹង កាលពីរសៀលថ្ងៃទី២០ ធ្នូនេះថា លោកបានតាមដានព័ត៌មាននេះ ដែលរដ្ឋាភិបាលសហការជាមួយធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយទម្លាក់អត្រាការប្រាក់មកត្រឹម៨ភាគរយ សម្រាប់ទិញលំនៅដ្ឋាន និងអ្នកអភិវឌ្ឍន៍ គឺល្អណាស់ ព្រោះកន្លងមកធនាគារ មីក្រូហិរញ្ញវត្ថុផ្តល់ការប្រាក់ខ្ពស់ ឬមិនឲ្យកម្ចីតែម្តង តែបើទម្លាក់បែបនេះ នឹងមានមនុស្សទិញលំនៅដ្ឋានច្រើន។

    លោកឧកញ៉ាបណ្ឌិតបានបន្តថា “បើសិនជាគោលការណ៍នេះអាចអនុវត្តន៍បាន ក្នុងអត្រាការប្រាក់ត្រឹម៨ភាគរយ គឺនឹងជួយឲ្យអត្រាទិញលក់ មានដំណើរការឡើងវិញ”។

    ជាមួយគ្នានេះ អ្នកឧកញ៉ាសំ សុខនឿនប្រធានសម្ព័ន្ឋក្រុមហ៊ុនSAM SN Group ដែលជាអ្នកអភិវឌ្ឍន៍មួយរូប បានមានប្រសាសន៍ឲ្យដឹងក្នុងពេលដំណាលគ្នាថា ដូចយើងបានដឹងហើយថា ប៉ុន្មានឆ្នាំមកនេះ ធនាគារបានបិទកម្ចីលើវិស័យអចលនទ្រព្យ ស្របពេលលំហូរវិនិយោគពីបរទេសនៅក្នុងវិស័យនេះ នៅមានកម្រិតផងដែរ។

    អ្នកឧកញ៉ាបន្តថា “ហេតុនេះប្រសិនជាធនាគារ ចាប់ផ្តើមផ្តល់កម្ចី​ធំៗ សម្រាប់វិស័យអចលនទ្រព្យវិញ នោះអ្នកទិញនឹងអាចទិញបាន ហើយគេនឹងយកលុយពីធនាគារ ទៅវិនិយោគបន្តទៀត ដែលនឹងធ្វើឲ្យវិស័យនេះ មានលំហូរប្រសើរជាងមុន”។ អ្នកឧកញ៉ាបានបន្តថា “លើសពីនេះ បើសិនជាមានការទិញ លក់ ទៅវិញទៅមកវិស័យអចលនទ្រព្យនឹងមានភាពកាន់តែប្រសើរ”។

    អ្នកឧកញ៉ាសំ សុខនឿនបានបន្តថា អ្នកជាប់គាំងក្នុងវិស័យអចលនទ្រព្យ អាចយកអចលនទ្រព្យទៅដាក់ ដើម្បីយកកម្ចីមកអភិវឌ្ឍន៍ នឹងធ្វើឲ្យវិស័យនេះ ដើរដោយរលូនដូចសព្វដង។ ជាមួយនេះ បើសិនជាធនាគារអាចឲ្យអតិថិជន ឬអ្នកវិនិយោគមានលទ្ឋភាពខ្ចីទិញដី នោះវិស័យអចលនទ្រព្យរបស់យើង នឹងមានភាពប្រសើរ ឬអាចមាន​សញ្ញាងើបលឡើងវិញបណ្តើរៗ។

    អ្នកឧកញ៉ាបន្តថា “ បើទោះបីជាមានអត្រាការប្រាក់ទាបជាងមុនក្តី តែវិស័យនេះត្រូវការពេលវេលា ដើម្បីឲ្យវិស័យនេះងើបឡើងវិញសន្សឹម មិនមែនងើបមួយថ្ងៃឬមួយឆ្នាំនោះទេ គឺត្រូវការពេលវេលានិងតាមតម្រូវការជាក់ស្តែង។

    លើសពីនេះ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអ្នកអភិវឌ្ឍន៍បុរីវិមានភ្នំពេញ លោកអ្នកឧកញ៉ា លី ហួរបានមានប្រ​សាសន៍ឲ្យដឹងបន្ថែមថា ការបញ្ចុះអត្រាការប្រាក់នេះ នឹងវិស័យនេះបានច្រើន ពិសេសអ្នកទិញលំនៅដ្ឋាន ដែលអត្រាការប្រាក់ពី១២ មក៨ភាគយ គឺមានអត្រា២ភាគ៣ហើយ ព្រោះបើពីមុនបង់១២០០ ឥលូវបង់តែ៨០០ទេ។

    ទាក់ទងនឹងការបន្ឋូរបន្ថយលក្ខខ័ណ្ឌ នៃការផ្តល់ឥណទានឬយ៉ាងណា លោកអ្នកឧកញ៉ាលី ហួរបានបញ្ជាក់ថា ការងារនេះគឺលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់បានធ្វើការជាមួយអគ្គទេសាភិបាលធនាគារជាតិហើយ ព្រោះការងារនេះបានធ្វើឡើង ជាលក្ខណៈអន្តរក្រសួង។

    លោកអ្នកឧកញ៉ាលី ហួរបានបញ្ជាក់ថា “នេះជាការប្រសើរមួយ ដែលរាជរដ្ឋាភិបាល បានជួយសម្របសម្រួល ដើម្បីជួយវិស័យអចលនទ្រព្យបានល្អឡើងវិញ”។ អ្នកឧកញ៉ាបន្ថែមថា “ទោះជាយ៉ាងណាទីផ្សារមិនល្អភ្លាមៗនោះទេ តែវាទៅមុខ វាល្អ ខណៈពីមុនលឺវិស័យអចលនទ្រព្យគេមិនមើលផង តែការទម្លាក់អត្រាការប្រាក់នេះ វាជួយបានច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here