ដោយ គង់ សូរិយា
ភ្នំពេញ៖ បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកទឹកចិត្ត ដល់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ពីភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។
ថ្លែងក្នុងពិធីប្រកាសសេចក្តីថ្លែងការណ៍រួមស្តីពី ការលើកទឹកចិត្តដល់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ពីភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ កាលពីថ្ងៃទី២៩មីនា លោក ស៊ូ សុជាតិ អគ្គនាយកគណកម្មការមូលបត្រកម្ពុជាបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី២ មេសានេះថា ទីផ្សារមូលបត្របង្កើនជាយន្តការមួយ ដើម្បីកសាងនូវទំនុកចិត្តនិងអនុញ្ញាតឱ្យទីផ្សារធនគារកាន់តែមានភាពរឹងមាំ។ ទីផ្សារធនាគារប្រសិនកម្ចីថយ ការដាក់ប្រាក់បញ្ញើថយវានឹងដោយខ្លួនឯង ដូច្នេះការបង្កើននូវកម្ចីនិងការដាក់ប្រាក់បញ្ញើ គឺជាចំណុចធ្វើធនាគារកាន់តែរឹងមំា។ ដូចនេះវាចំណុចមួយវាមានទំនាក់ទំនងរវាងគ្នាទៅវិញទៅមកជាមួយវិស័យមូលបត្រ។
-->
លោកលើកឡើងថា “អ្វីដែលជាគោលបំណងរបស់រាជរដ្ឋាភិបាល ដែលបានបង្កើតឡើងទីផ្សារមូលធន ដើម្បីផ្តល់ជម្រើសបន្ថែម យើងមិនមែនបង្កើតឱ្យមានការប្រកួតប្រជែងគ្នានោះទេ”។ លោកបន្តថា “យើងបង្កើតនូវជម្រើសបន្ថែម ដើម្បីឱ្យក្រុមហ៊ុននានាអាចរកហិរញ្ញប្បទានពីទីផ្សារមូលបត្រ និងពីយន្តការដែលមានស្រាប់”។
លោកស៊ូ សុជាតិបានបន្តថា នៅពេលមុនគេតែងតែនំាគ្នាគិតថាទីផ្សារមូលធនឬទីផ្សារមូលបត្រ ជាដៃគូប្រកួតប្រជែងជាមួយទីផ្សារធនាគារ ប៉ុន្តែផ្ទុយមកវិញគឺជាទីផ្សារពីរជួយគំាំទ្រគ្នាទៅវិញទៅមក។ ទីផ្សារមូលបត្របង្កើននូវទំនុកចិត្តអនុញ្ញាតឱ្យទីផ្សារធនគារកាន់តែមានភាពរឹងមាំ។ លោកបញ្ជាក់ថា នៅលើសកលលោកនេះ មិនដែលមានទីផ្សារតែម្ខាងនោះទេ គឺមានទីផ្សារពីរ ហើយលោកក៏មិនទាន់ឃើញទីផ្សារមូលបត្ររីកចម្រើនទីផ្សារធនាគារដួលរលំដែរ។
លោកបន្តថា “ខ្ញុំធ្លាប់ឃើញតែទីផ្សារមូលបត្រកាន់តែរឹងមំា ធនាគារគឺកាន់តែខ្លំាង ព្រោះទីផ្សារទំាងពីរវិស័យនេះ ជួយពង្រឹងឱ្យគ្នាទៅវិញទៅមក បង្កើនទំនុកចិត្តឱ្យគ្នា ហើយក្រុមហ៊ុន ដែលអាចបោះផ្សាយភាគហ៊ុនបាន ជាក្រុមហ៊ុនដែលធនាគារទុកចិត្ត”។
ជាមួយគ្នានេះ លោកហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមានប្រសាសន៍ថា នៅពេលខាងមុខនេះ យើងនឹងមានធនាគារច្រើនទៀត ដែលខ្លះជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ និងខ្លះទៀតមិនពាក់ព័ន្ធ។ ដូចនេះក្រុមហ៊ុនចុះបញ្ជីមានជម្រើសកាន់តែច្រើន ក្នុងការសម្រេចចិត្តទទួលសេវាកម្មរបស់ធនាគារ។
លោកបញ្ជាក់ថា “វិស័យធនាគារដែលរីកចម្រើន នឹងនាំឱ្យវិស័យមូលបត្រអាចរីកចម្រើនពីព្រោះគ្រឹះស្ថានធនាគារ មានប្រាក់ចំណេញច្រើន នឹងទទួលការចាប់អារម្មណ៍ពីអ្នកវិនិយោគភាគហ៊ុន“។ លោកបន្ថែមថា “បញ្ច្រាសមកវិញពេលដែលវិស័យមូលបត្ររីកចម្រើននោះធនាគារអាចផ្តល់កម្ចីកាន់តែច្រើនជាងមុន គុណភាពកម្ចីកាន់តែល្អជាងមុន ហើយធនាគារកាន់តែមានជម្រើសបង្កើតចំណូលបានច្រើនជាងមុន”។
យោងតាមសេចក្តីប្រកាសព័ត៌មានក្រុមហ៊ុនផ្សារមូលបត្របង្ហាញថា មកដល់បច្ចុ ប្បន្ននេះ ទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីមូលបត្រកម្មសិទ្ធិចំនួន៥ ដែលមានមូលបត្រទីផ្សារប្រមាណជាង២,១៣ទ្រីលានរៀល ឬស្មើប្រមាណ៥៣៤,៣៤លានដុល្លារអាមេរិក ប្រៀបធៀបនិងចុងឆ្នំា២០១៨ មូលធនទីផ្សារមានប្រមាណ១,២១ទ្រីលានរៀលស្មើប្រមាណ៣០៤,៧៦លានដុល្លារ៕