អ្នកជំនាញជំរុញឱ្យវិស័យឯកជននៅកម្ពុជាបង្កើនការច្នៃប្រឌិតថ្មី និងសម្របខ្លួនទៅនឹងបរិបទបច្ចុប្បន្ន ដើម្បីទាញសក្តានុពលសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីក្រុមអ្នកវិនិយោគបរទេស ដោយសារកម្ពុជាមានសក្តានុពលក្នុងវិស័យផ្សេងៗជាច្រើន រួមមានអចលនទ្រព្យ កសិកម្ម ឧស្សាហកម្មកាត់ដេរ ទេសចរណ៍ ថាមពលកកើតឡើងវិញ ទីផ្សារច្នៃប្រឌិត និងឱកាសនៃការនាំចេញ-នាំចូល។

ទោះជាយ៉ាងណាក្តី លោកបណ្ឌិត Alexander Evengroen ប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Evengroen Solution Group Co., Ltd បានលើកឡើងថា ការត្រៀមខ្លួន និងការសម្របខ្លួននៃវិស័យឯកជនរបស់កម្ពុជាដើម្បីទទួលយកការផ្លាស់ប្តូរ និងការច្នៃប្រឌិតនៅតែជាបញ្ហាប្រឈមដ៏សំខាន់មួយ។

លោកសង្កត់ធ្ងន់ថា វាដល់ពេលហើយ ដែលកម្ពុជាត្រូវទាញយកសក្តានុពលរបស់ខ្លួនឱ្យបានពេញលេញ តាមរយៈការជំរុញផ្នត់គំនិតនៃការច្នៃប្រឌិត និងការសម្រេចចិត្តដ៏ឆ្លាតវៃ។

លោកបន្តថា ក្នុង​បរិបទសេដ្ឋកិច្ច​ពិភពលោក​ ដែល​កំពុង​វិវឌ្ឍ​ន៍យ៉ាង​លឿន​នា​ពេល​បច្ចុប្បន្ន ការ​ធ្វើ​រឿង​ដដែលៗ​ ​មិន​អាច​សម្រេច​បាន​លទ្ធផលល្អប្រសើរដូចមុនទៀត​នោះទេ។

ឧស្សាហកម្មនានានៅទូទាំងពិភពលោកកំពុងព្យាយាមច្នៃប្រឌិតអាជីវកម្មរបស់ពួកគេឡើងវិញ ដើម្បីអាចប្រឈមមុខនឹងការប្រែប្រួលនៃសក្ដានុពលទីផ្សារសកល ភាពជឿនលឿននៃបច្ចេកវិទ្យា និងការផ្លាស់ប្ដូរនៃឥរិយាបថរបស់អ្នកប្រើប្រាស់។

ក្នុងន័យនេះ លោកបណ្ឌិត Alexander Evengroen បានផ្តល់ជាយោបល់ថា វិស័យឯកជនរបស់កម្ពុជាគួរតែទទួលយកការច្នៃប្រឌិត និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងនេះ។

ខណៈរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់ វិស័យឯកជនត្រូវតែក្រោកឡើង ហើយឆក់យកឱកាសនេះ ដើម្បីត្រៀមខ្លួនចំពោះការវិនិយោគក្នុងស្រុក និងការវិនិយោគពីបរទេស។

ការណ៍នេះទាមទារឱ្យមានឆន្ទៈក្នុងការគិតពិចារណាស្វែងរកវិធីសាស្រ្តថ្មីនៅក្នុងការធ្វើអាជីវកម្ម ដូចជាយុទ្ធសាស្រ្តលក់ យុទ្ធសាស្ដ្រទីផ្សារ វិធីសាស្រ្តទំនាក់ទំនង និងប្រសិទ្ធភាពប្រតិបត្តិការ។

លោកបណ្ឌិតបញ្ជាក់ថា ទីផ្សារនីមួយៗតែងជួបប្រទះនឹងបញ្ហាប្រឈមផ្សេងៗខុសៗគ្នា។ ប៉ុន្តែ ឱកាសតែងកើតមានឡើងនៅក្នុងគ្រាលំបាក។

តាមរយៈការបោះជំហានចាកចេញពីតំបន់សុខស្រួល(Comfort Zone) និងទទួលយកការផ្លាស់ប្តូរ វិស័យឯកជននៅកម្ពុជាមិនត្រឹមតែអាចបន្តឈរជើងបានរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរីកចម្រើនក្នុងទិដ្ឋភាពពិភពលោក ដែលកំពុងមានការប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ។ការណ៍នេះរួមបញ្ចូលទាំងការចាប់យកបច្ចេកវិទ្យាថ្មី ការស្វែងរកគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងការបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ និងការជំរុញផ្នត់គំនិត៕ប្រភព: LinkedIn៕

LEAVE A REPLY

Please enter your comment!
Please enter your name here