ដោយ រ៉ាណេត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ នៅតែរក្សាបាននូវភាពរឹងម៉ាំដដែល ពោលគឺអាចនឹងសម្រេចបានកំណើន៧ភាគរយ។
យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា នៅឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងប្រមាណ ៧ភាគរយ ក៏ប៉ុន្តែកម្ពុជាត្រូវធ្វើកំណែទម្រង់បន្ថែមទៀត ដើម្បីរក្សាកំណើននេះឱ្យនៅតែថេរ ឬខ្ពស់ជាងនេះ ដែលធ្វើឱ្យផែនការសម្រេចបានជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿន និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាទិផ្សារនាំចេញដ៏ចម្បងរបស់កម្ពុជា ត្រូវព្យាករណ៍ថានឹងថយចុះ កំណើននៃការនាំចេញនិងវិស័យទេសចរណ៍ ទំនងជានឹងថមថយបន្តិច បើធៀបនឹងឆ្នាំមុន ។
-->
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោកស្រី Sunniya Durrani Jamal បាននិយាយថា ប្រទេសកម្ពុជានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ច យ៉ាងរឹងមាំ ក្នុងរយៈពេលពីរឆ្នាំទៅមុខ បើទោះបីជាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឧស្សាហកម្មធំៗ ចុះខ្សោយក៏ដោយ ។ កត្តាសំខាន់មួយ ដែលអាចទាក់ទាញ និងរក្សាបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធានមនុស្សរបស់កម្ពុជា ដែលរួមបញ្ចូលទាំងជំនាញ បច្ចេកទេស និងជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការវិស័យឯកជន ។
លោក Poullang Doung សេដ្ឋវិទូជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគួរតែអភិវឌ្ឍន៍ពីប្រទេសកសិកម្មទៅប្រទេសឧស្សាហកម្មឱ្យកាន់តែ ហើយកន្លងមកឧស្សាហកម្មក៏កំពុងលូតលាស់គួរឱ្យកត់សម្គាល់ដែរ ជាក់ស្ដែងវិស័យកសិកម្មកម្ពុជា បានថម ថយបន្តិចម្ដងៗ និងរួមចំណែកកាន់តែតូចនៅក្នុងកំណើនសេដ្ឋកិច្ច ។
លោកថា៖«ក្នុងន័យនេះ មិនមែន ឱ្យកម្ពុជាបោះបង់ចោលនូវវិស័យកសិកម្មនោះទេ តែធ្វើត្រូវកសិកម្មរួចកែច្នៃ ដើម្បីនាំចេញប្រសើរជាងនាំចេញវត្ថុធាតុដើមហើយនាំពីគេមកវិញនូវផលិតផលសម្រេច» ។ លោកបន្តថា ៖ «ទន្ទឹមនឹងនោះដែរ យើងក៏ត្រូវពង្រឹងវិស័យសេវាកម្មទេសចរណ៍ឱ្យកាន់តែខ្លាំងផងដែរ ពីព្រោះថាវិស័យនេះកំពុងដើរតួនាទីសំខាន់មួយនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ ។
ក្នុងនោះដែរយើងត្រូវធ្វើយ៉ាងណា ឱ្យភ្ញៀវទេសចរបរទេស ដែលមកទស្សនានៅកម្ពុជា ស្នាក់នៅបានកាន់តែយូរ និងចំណាយប្រាក់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន មិនមែនឱ្យគេមកតែមួយយប់ហើយហោះត្រលប់ទៅស្រុកគេវិញនោះទេ»។

សូមបញ្ជាក់ផងដែរថា ទន្ទឹមនឹងកំណើនជាវិជ្ជមាននេះដែរ កម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនផងដែរ ដូចជាការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចក្នុងសាកល ដែលអាចមានល្បឿនលឿនជាងការរំពឹងទុក , សហភាពអឺរ៉ុបបន្តអនុវត្តផែនការព្យួរការផ្ដល់ភាពអនុគ្រោះផ្នែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ក្រោយកម្មវិធីទំនិញគ្រប់យ៉ាងលើកលែងអាវុធ ,កំណើនឥណទានក្នុងកម្រិតខ្ពស់ និងការប្រមូលផ្ដុំឥណទានក្នុងវិស័យអចលនទ្រព្យ បង្កហានិភ័យដល់ស្ថិរភាពវិស័យហិរញ្ញវត្ថុជាដើម ។
របាយការណ៍របស់ទស្សនវិស័យអភិវឌ្ឍន៍អាស៊ាន ក៏បានបង្ហាញ បញ្ហាប្រឈមដ៏សំខាន់មួយផងដែរពីគម្លាតជំនាញដែលកើតឡើងដោយសារភាព មិនស៊ីគ្នា រវាងជំនាញ ដែលកម្លាំងពលកម្មមាន និងជំនាញដែលនិយោជកត្រូវការ ។ កម្ពុជាត្រូវការគ្រូបង្រៀនដែលមានគុណភាពបង្រៀនខ្ពស់ច្រើននាក់ថែមទៀត និងត្រូវផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សិស្សក្រីក្រ ដែលរៀនពូកែ ដើម្បីជួយឱ្យពួកគេបន្តការសិក្សានិងរៀនជំនាញដែលត្រូវការ និងយុគសម័យឌីជីថល ៕