ដោយៈ គង់ សូរិយា
ព្រះសីហនុៈ លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងថា ក្រសួងបាន ដាក់សំណើទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ឆ្លងកាត់ខេត្តជាប់តំបន់ឆ្នេរទាំងបួន។
លោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ក្របខណ្ឌគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២៥កន្លងមកថា ស្របពេលដែលផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ នឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់សំណើជូនទៅរាជរដ្ឋាភិបាលរួចហើយ ដើម្បីរៀបចំផ្លូវជិះកង់ ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងជំរុញឱ្យមានការផ្សារភ្ជាប់ សហគមន៍នេសាទជាច្រើន ទីតាំងលាតសន្ធឹងពីទឹកដីខេត្តកោះកុង រហូតដល់ខេត្តកែប ឱ្យក្លាយជាគោលដៅទេសចរណ៍ ក្នុងស្រុកថ្មីៗ ជាពិសេសសម្រាប់អ្នកទេសចរក្នុងស្រុក ដែលនឹងផ្តល់ជាឱកាសការងារ និងប្រាក់ចំណូលបន្ថែមជាច្រើនជូនដល់ប្រជាជនកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ឱ្យមានការពិភាក្សាផ្លាស់ប្តូរមតិយោបល់ ដើម្បីពិនិត្យសក្តានុពលធនធាន នៅក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជាជារួម សំដៅគិតគូរដល់ការរៀបចំផែនការឯកភាព សម្រាប់បន្តអភិវឌ្ឍន៍ និងអភិរក្សឱ្យសមស្របទៅនឹងសក្តានុពល និងលក្ខខណ្ឌដែលអំណោយផល ឈានទៅលើកកម្ពស់វិស័យទេសចរណ៍ វិនិយោគ និងពាណិជ្ជកម្ម ដើម្បីបន្តរក្សាសក្តានុពលតំបន់នេះ ជារបៀង សេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិ ដែលបានបង្កើតឱកាសការងារ ស្រូបយកចំណូលយ៉ាងច្រើនផ្តល់ជូនប្រជាជន។
តាមរយៈការចូលរួមមតិ យោបល់របស់សមាជិកកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្រេចប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីរៀបចំការចុះបញ្ជីដី ព្រមទាំងសិក្សាសក្តានុពលតំបន់ឆ្នេរសមុទ្រទាំងអស់ជារបៀងសេដ្ឋកិច្ចរួម៕