ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមទិន្នន័យគយ ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះបានឱ្យដឹងថា ទំហំនៃការនាំចូល និងការនាំចេញឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) ក្នុងប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពល្អប្រសើរបំផុត។
ទិន្នន័យបានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៤,០៧ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន កើនឡើង២១,៣ភាគរយធៀបនឹងឆ្នាំ២០២៣។
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុជាគម្រោងដ៏លេចធ្លោមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន តាមរយៈការវិនិយោគរួមគ្នាដោយវិនិយោគិនចិន និងកម្ពុជា។
-->
ប្រតិបត្តិករតំបន់ SSEZ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា បច្ចុប្បន្ន តំបន់នេះមានលក្ខណៈពិសេសនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងការលើកកម្ពស់ការរួមបញ្ចូលឧស្សាហកម្ម និងទីក្រុង។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) កម្រិត២.០ បានបោះជំហានយ៉ាងធំឆ្ពោះទៅកាន់កម្រិតថ្មីមួយ។

តំបន់ដែលមានទំហំ១១គីឡូម៉ែត្រការ៉េនេះបានទាក់ទាញបណ្តាសហគ្រាសថ្មីចំនួន២៨ ក្នុងឆ្នាំ២០២៤ ដែលនាំឱ្យចំនួនសហគ្រាសសរុបនៅក្នុងតំបន់នេះកើនឡើងដល់ចំនួន២០២ ជាមួយនឹងការបង្កើតការងារប្រហែល៣២.០០០កន្លែង។
សហគ្រាសទាំងនោះមានប្រភពមកពីប្រទេសចិន បណ្តាប្រទេសនៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៃតំបន់អាស៊ាន ក្នុងចំណោមប្រទេស និងតំបន់ផ្សេងទៀត។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា“តំបន់សេដ្ឋកិច្ចពិសេសបានបញ្ចូលសន្ទុះថ្មីក្នុងការពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិន-កម្ពុជា និងការកសាងច្រករបៀងអភិវឌ្ឍន៍
ឧស្សាហកម្មរបស់កម្ពុជា”។
លោក នាគ ចាន់ដារិទ្ធ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ នៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា តំបន់ SSEZ មានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបង្កភាពងាយស្រួលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក។

លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “តំបន់សេដ្ឋកិច្ចពិសេសនេះបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋាន”។
ការអភិវឌ្ឍន៍តំបន់ SSEZ រួមជាមួយនឹងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតក្រោមគំនិតផ្តួចផ្តើម BRI បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក សុឺន សំ អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា តំបន់ SSEZ ជាកត្តាមួយដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
លោកបានបញ្ជាក់ថា “តំបន់ SSEZ ជាលទ្ធផលផ្លែផ្កានៃគម្រោង BRI នៅក្នុងប្រទេសកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសនេះបានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសយ៉ាងច្រើន និងបានជំរុញវិស័យផលិតកម្មរបស់កម្ពុជា ដែលនាំទៅដល់ការបង្កើតការងារ និងកំណើននៃការនាំចេញ”៕ប្រភព: Xinhua៕
