តើតំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុក្រោមការវិនិយោគរួមគ្នាដោយចិន និងកម្ពុជា សម្រេចបានវឌ្ឍនភាពអ្វីខ្លះ?

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមទិន្នន័យ​គយ​​ ដែលបាន​ចេញ​ផ្សាយ​នៅដើមសប្តាហ៍នេះ​បានឱ្យដឹងថា ទំហំ​នៃ​ការ​នាំ​ចូល និង​ការនាំ​ចេញ​ឆ្លង​កាត់​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុ (SSEZ) ក្នុង​ប្រទេស​កម្ពុជា​សម្រេចបានវឌ្ឍនភាពល្អប្រសើរបំផុត។

ទិន្នន័យបានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរបស់សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៤,០៧ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន កើនឡើង២១,៣ភាគរយធៀបនឹងឆ្នាំ២០២៣។

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុជាគម្រោងដ៏លេចធ្លោមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន តាមរយៈការវិនិយោគរួមគ្នាដោយវិនិយោគិនចិន និងកម្ពុជា។

ប្រតិបត្តិករតំបន់ SSEZ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា បច្ចុប្បន្ន តំបន់នេះមានលក្ខណៈពិសេសនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ និងការលើកកម្ពស់ការរួមបញ្ចូលឧស្សាហកម្ម និងទីក្រុង។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ការសាងសង់តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុ (SSEZ) កម្រិត២.០ បានបោះជំហានយ៉ាងធំឆ្ពោះទៅកាន់កម្រិតថ្មីមួយ។

តំបន់ដែលមានទំហំ១១គីឡូម៉ែត្រការ៉េនេះបានទាក់ទាញបណ្តាសហគ្រាសថ្មីចំនួន២៨ ក្នុងឆ្នាំ២០២៤ ដែលនាំឱ្យចំនួនសហគ្រាសសរុបនៅក្នុងតំបន់នេះកើនឡើងដល់ចំនួន២០២ ជាមួយនឹងការបង្កើតការងារប្រហែល៣២.០០០កន្លែង។

សហគ្រាសទាំងនោះមានប្រភពមកពីប្រទេសចិន បណ្តាប្រទេសនៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៃតំបន់អាស៊ាន ក្នុងចំណោមប្រទេស និងតំបន់ផ្សេងទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ថែមថា​“តំបន់សេដ្ឋកិច្ច​ពិសេស​បាន​បញ្ចូល​សន្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រចិន​-​កម្ពុជា​ និង​ការ​កសាង​ច្រករបៀង​អភិវឌ្ឍន៍​
ឧស្សាហកម្ម​របស់​កម្ពុជា”។

លោក នាគ ចាន់ដារិទ្ធ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី ២១ នៃកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា តំបន់ SSEZ មានទីតាំងនៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបង្កភាពងាយស្រួលសម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងពិភពលោក។

លោកបានថ្លែងប្រាប់សារពត៌មាន Xinhua ថា “តំបន់សេដ្ឋកិច្ចពិសេសនេះបានរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់មូលដ្ឋាន”។

ការអភិវឌ្ឍន៍តំបន់ SSEZ រួមជាមួយនឹងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតក្រោមគំនិតផ្តួចផ្តើម BRI បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក សុឺន សំ អ្នកវិភាគគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា តំបន់ SSEZ ជាកត្តាមួយដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

លោកបានបញ្ជាក់ថា “តំបន់ SSEZ ជាលទ្ធផលផ្លែផ្កានៃគម្រោង BRI នៅក្នុងប្រទេសកម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសនេះបានទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេសយ៉ាងច្រើន និងបានជំរុញវិស័យផលិតកម្មរបស់កម្ពុជា ដែលនាំទៅដល់ការបង្កើតការងារ និងកំណើននៃការនាំចេញ”៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here