ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ CBRE Cambodia គ្រោងនឹងរៀបចំព្រឹត្តិការណ៍“Fearless Forecast”ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៤ ខែមករា នៅសណ្ឋាគារ Novotel BKK1 ក្នុងរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងធ្វើការពិនិត្យមើលយ៉ាងស៊ីជម្រៅអំពីទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា ដោយគ្របដណ្តប់លើនិន្នាការ ឱកាស និងបញ្ហាប្រឈមសម្រាប់ឆ្នាំ២០២៥។
ព្រឹត្តិការណ៍“Fearless Forecast”រៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញទស្សនវិស័យលើផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ រួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម ការលក់រាយ និងអចលនទ្រព្យឧស្សាហកម្ម។
-->

ជាមួយគ្នានេះ ក្រុមអ្នកជំនាញនៃក្រុមហ៊ុន CBRE Cambodia គ្រោងនឹងធ្វើការវិភាគទាំងឥទ្ធិពលនៅក្នុងស្រុក និងក្នុងតំបន់ ដែលត្រូវបានគេរំពឹងថា នឹងអាចជះឥទ្ធិពលមកលើទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៥។
លោក Marc Townsend ប្រធានក្រុមហ៊ុន CBRE Cambodia នឹងថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍នេះ ខណៈលោកគ្រោងនឹងចែករំលែកការយល់ដឹងលើការព្យាករណ៍យ៉ាងច្បាស់លាស់ចំពោះនិន្នាការទីផ្សារអចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០២៥នេះ។
ក្រុមអ្នកជំនាញរបស់ CBRE នឹងធ្វើការវិភាគស្ថានភាពបច្ចុប្បន្ននៃទីផ្សារអចលនទ្រព្យ ដោយផ្តល់នូវការព្យាករណ៍ និងការវិភាគយ៉ាងស៊ីជម្រៅលើផ្នែកនីមួយៗនៃទីផ្សារអចលនទ្រព្យ រួមមានផ្នែកលំនៅដ្ឋាន ការិយាល័យ ការលក់រាយ និងឧស្សាហកម្ម ព្រមទាំងកត្តា ដែលអាចជះឥទ្ធិពលលើការវិនិយោគ និងការអភិវឌ្ឍអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីព្រឹត្តិការណ៍សំខាន់នេះ ក្រុមហ៊ុន CBRE Cambodia នឹងរួមបញ្ចូលវគ្គសំណួរ-ចម្លើយ (Q&A) ចំនួន៣០នាទី ដែលអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយនានាអាចសួរសំណួរទាក់ទងនឹងស្ថានភាពបច្ចុប្បន្ន និងអនាគតនៃទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៥។
ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំក្រុមអ្នកជំនាញអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិប្រមាណ១២០រូប។ នេះជាឱកាសដ៏ល្អសម្រាប់ក្រុមអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកវិនិយោគ និងក្រុមមន្ត្រីតំណាងរដ្ឋាភិបាល។
ក្រុមអ្នកសារព័ត៌មាន ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវបានលើកទឹកចិត្តឱ្យដាក់សំណួររបស់ពួកគេជាមុន ដើម្បីឱ្យពួកគេអាចទទួលបានចម្លើយច្រើនបំផុតពីវគ្គ Q&A ។ ក្រុមការងារនឹងផ្តល់អាទិភាពដល់សំណួរទាំងនេះ និងឆ្លើយតបក្នុងអំឡុងព្រឹត្តិការណ៍នេះ ដើម្បីជួយសម្រួលដល់ការពិភាក្សាឱ្យដំណើរការប្រកបដោយផ្លែផ្កា។
ព្រឹត្តិការណ៍នេះក៏នឹងមានការអញ្ជើញចូលរួមផងដែរពីបណ្តាតួអង្គសំខាន់ៗនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា រួមមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នកវិនិយោគ ឈ្មួញកណ្តាល អ្នកជំនាញច្បាប់ និងមន្ត្រីរដ្ឋាភិបាល៕ប្រភព: CBRE៕
