ប្រធានCVEAលើកឡើងពីអត្ថប្រយោជន៍នៃទិន្នន័យដែលក្រសួង រៀបចំដែនីសហការផ្តល់ជូន

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានលើកឡើងនូវអត្ថប្រយោជន៍ជាច្រើន ពីការផ្តល់ទិន្នន័យទាក់ទងនឹងការចេញប័ណ្ណដីធ្លី និន្នន័យនៃការទិញលក់ជាដើម។

    លោកបានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី៩ មករា ឆ្នាំ២០២៥ថា ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី សមាគមបានស្នើសុំលើសំណើរចំនួន២ ទី១ ស្នើសុំទិន្នន័យរួមដែលក្រសួងបាន និងកំពុងរៀបចំទិន្នន័យនៃការចុះបញ្ជីរដីធ្លីក្បាលដី ដែលអាចប្រើប្រាស់បាន។ ទាក់ទងលេខក្បាលដី លេខឡូ ដែលយើងអាចយកមកប្រើប្រាស់ជាជំនួយ សម្រាប់សមាជិកសមាគម ដែលជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណ និងជំនាញវិជ្ជាជីវៈខ្ពស់។

    លោកបន្តថា លើសពីនេះ សមាគមក៏ស្នើសុំទិន្នន័យរួមនេះ ប្រើប្រាស់ទិន្ន័យទិញ លក់ជាក់លាក់ចេញពីក្រសួង និងអគ្គនាយកដ្ឋានពន្ឋដា ដើម្បីយើងអាចយកមកវិភាគ ក្នុងកិច្ចការងារវាយតម្លៃអចលនវត្ថុកាន់តែមានប្រសិទ្ឋភាព កាន់តែលឿន។ លោកបន្តថា នៅពេលយើងបានទិន្នន័យទាំងនោះ កិច្ចការផ្តល់សេវាកម្មដល់អតិថិជន មានប្រសិ​ទ្ឋភាព ហើយ​លឿន ជាពិសេសល្បឿននេះជួយបានច្រើនណាស់ គឺជួយអតិថិជនចំណេញពេលវេលា និងប្រាក់កាសក្នុងការវិនិយោគផ្សេងៗក្នុងវិស័យនេះ។

    លោកសន សៀបបានបញ្ជាក់ថា “ការវាយតម្លៃបានលឿននេះ ជួយដល់វិស័យហិរញ្ញវត្ថុទៀត ឧទាហរណ៍ ធនាគារត្រូវការបាយការ​ណ៍ ដើម្បីផ្តល់កម្ចីគឺ ធនាគារនិងអតិថិជនអាចផ្តល់ និងទទួលកម្ចីបានលឿន”។ លោកបន្ថែមថា “ការខ្ចីបានលឿន គឺជួយដល់សកម្ម​ភាពអាជីវកម្មរបស់ពួកគាត់បានប្រសើរ និងមានប្រសិទ្ឋភាពខ្ពស់”។

    លោកបន្តទៀតថា ចំណុចទី២ គឺសមាគមស្នើសុំថា រាល់ការទិញ លក់ទាំងអស់ គឺត្រូវឆ្លងកាត់ក្រុមហ៊ុនផ្តល់សេវាកម្មអចលនទ្រព្យ ដែលមានអាជ្ញាប័ណ្ណ និងមានការទទួលស្គាល់ពីរដ្ឋាភិបាល ធ្វើជាសាក្សីលើការទិញ លក់។ ការធ្វើសាក្សីលើការទិញ លក់នេះ ដើម្បីយើងទទួលបានទិន្នន័យជាក់លាក់ ហើយជួយដល់រដ្ឋាភិបាល ក្នុងការផ្តល់ទិន្នន័យ សម្រាប់ជាផលប្រយោជន៍រួម។

    លោកសន សៀបបានបន្តថា ចំណុចទី២នេះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រុមការងារជំនាញសិក្សាលទ្ឋភាពថា ត្រូវធ្វើជាមួយគ្នាបានយ៉ាងដូចម្តេចផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here