ដោយៈ និស្ស័យ
ភ្នំពេញៈ គំរោងផ្លូវក្រវ៉ាត់ក្រុងទី៣ ប៉ែកខាងកើតដែលប្រជាពលរដ្ឋទន្ទឹងជាយូរមកហើយ អាចលេចរូបរាងនៅពេលខាងមុខឆាប់ៗ។
គំរោងនេះ មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍនៅច្រករបៀងជុំវិញរាជធានីភ្នំពេញ ដែលគំរោងនេះ នឹងមានការសាងសង់ស្ពានចំនួន២ ក្នុងខេត្តកណ្តាល គឺស្ពានឆ្លងកាត់ទន្លេរមេគង្គ ស្ថិតនៅក្នុងស្រុកកៀនស្វាយ និងស្ពានឆ្លងកាត់កោះដាច់ តភ្ជាប់មកកាន់មហា វិថីឈ្នះ ឈ្នះ។
លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល បានស្នើឲ្យរដ្ឋមន្រ្តីសាធារណៈការ និងដឹកជញ្ជូន លោកប៉េង ពោធ៍នា ជម្រុញពិនិត្យ និងកំណត់អាទិភាពឡើងវិញ ទៅតាមផែនការសកម្មភាពរបស់ផ្លូវក្រវ៉ាត់ក្រុង ទី៣ ប៉ែកខាងកើត (ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ ផែនការ៥ឆ្នាំរំកិល ២០២៤-២០២៨)។
ការជម្រុញនេះធ្វើឡើង ក្នុងពេលលោកអញ្ជើញចូលរួមសន្និបាតការងាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ។
គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើត ត្រូវបានក្រុមហ៊ុនសំណង់សៀងហៃ លើកយកមកធ្វើបទបង្ហាញជូន អ្នកជំនាញបច្ចេកទេសក្រសួងដើម្បីពិនិត្យ និងផ្ដល់ធាតុចូលបន្ថែមកាលពីឆ្នាំមុន។
យោងតាមបទបង្ហាញរបស់ក្រុមហ៊ុនសំណង់សៀងហៃ គម្រោងខ្សែក្រវាត់ទី៣ ប៉ែកខាងកើតនេះ មានប្រវែងប្រមាណ៣៤,១៥គីឡូម៉ែត្រ សាងសង់ជាផ្លូវ៤គន្លង (ពីរគន្លងទៅ ពីរគន្លងមក) ចេញពីមហាវិថីឈ្នះឈ្នះ (ចំណុចប្រសព្វផ្លូវជាតិលេខ៦) រហូតដល់ចំណុចប្រសព្វផ្លូវលេខ៧០បេ ឆ្លងកាត់កោះចំនួន២ គឺកោះដាច់ និងកោះតាង ដោយត្រូវសាងសង់ ស្ពានឆ្លងទន្លេមេគង្គចំនួន៣ ក្នុងនោះស្ពានទី១ (ផ្លូវជាតិលេខ៦-កោះដាច់) មានប្រវែង១៣១១ម៉ែត្រ ស្ពានទី២ (កោះដាច់-កោះតាង) មានប្រវែង៥៧៩ម៉ែត្រ និងស្ពានទី៣ (កោះតាង-ផ្លូវ៧០បេ) មានប្រវែង១០៤៤ម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ២៤០លានដុល្លារអាមេរិក។
បន្ទាប់ពីបានស្វែងយល់បទបង្ហាញរួចមក អ្នកជំនាញបច្ចេកទេសក្រសួងបានជជែកពិភាក្សា និងផ្ដល់យោបល់ជាធាតុចូលលើការងារបច្ចេកទេសសំខាន់ៗក្នុងការសាងសង់ រួមមាន ការរៀបចំជាចំណតយានយន្ត ព្រមទាំងការសិក្សាបន្ថែមលើភូមិសាស្ត្រតំបន់ ការសិក្សាលើលំហូរទឹក និងទំនប់ទឹក ជាធាតុចូល ដើម្បីធ្វើឱ្យគម្រោងនេះមានប្រសិទ្ធភាព និងនិរន្តរភាព៕