ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីធ្វើការផ្សព្វផ្សាយ និងចាប់ដៃគូជាមួយអ្នកធុរកិច្ចអន្តរជាតិ ដែលចង់ចូលមកវិនិយោគក្នុងវិស័យសំំណង់ និងអចលនទ្រព្យ។
លោកស៊ា ឆៃលីន ដែលទើបត្រូវបានតែងតាំងជាអនុប្រធានសមាគមនេះ បាននិងកំពុងរៀបចំដឹកនាំគណៈកម្មការនេះ ដោយលោកបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា លោកបាននិងកំពុងរៀបចំគ្រោងឆ្អឹង និងសមាសភាពមូយចំនួន ដែលត្រូវមានផែនការយុទ្ឋសាស្រ្ត និងគោលដៅច្បាស់លាស់ ដើម្បីជួយដល់វិស័យនេះ និងជួយដល់អ្នកវិនិយោគ ដែលចូលមកប្រទេសកម្ពុជា។
លោកបញ្ជាក់ថា “នៅក្នុងសមាគមយើងមានទម្រង់ការងារ និងក្រុមដែលមានជំនាញច្បាស់លាស់មួយ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា”។ លោកបន្តថា “ហេតុនេះ អ្នកវិនិយោគអន្តរជាតិចូលមក មានក្រុមរបស់សមាគមដែលអាចទុកចិត្តបាន ដោយសារយើងមានវិជ្ជាជីវៈ ក្រមសីលធ៌ម និងច្បាស់លាស់លើផ្នែកនិមួយៗ”។
លោកស៊ា ឆៃលីនបានបន្តថា គណៈកម្មការនេះ នឹងធ្វើការជាសេនាធិការជាមួយក្រសួងស្ថាប័នពាក់ព័ន្ឋ ដោយនៅពេលពួកគាត់ទាក់ទាញអ្នកវិនិយោគពីបរទេសមក គឺមានសមាគមដែលមានអ្នកជំនាញ ដើម្បីជួយសម្របសម្រួលក្នុងកិច្ចការងារនេះ។
លោកបន្តថា “អ្នកវិនិយោគបទេស ដែលយើងផ្តោតសំខាន់គឺកូរ៉េ ជប៉ុន តៃវ៉ាន់ ហុងកុង ចិន និងបណ្តាអ្នកធុរកិច្ច មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន”៕