ដោយៈ គង់ សូរិយា
ភ្នំពេញៈ របាយការណ៍បានបង្ហាះថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានក្នុងទឹកប្រាក់សរុបជិត៥៥ពាន់លានដុល្លារ កើនឡើងជិត២០ភាគរយ បើធៀបនឹងឆ្នាំ២០២៣។នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
ទិន្នន័យបានបង្ហាញថា ក្នុងរយៈពេល១២ ខែឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា ជាមួយប្រទេសដៃគូទាំងអស់មានទឹកប្រាក់៥៤,៧៤ពាន់លានដុល្លារ កើនឡើង ១៦,៩ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៤៦,៨៣ ពាន់លានដុល្លារ ដោយក្នុងនោះទំនិញដែលកម្ពុជា នាំចេញទៅក្រៅប្រទេសមានទឹកប្រាក់ ២៦,២ ពាន់លានដុល្លារ កើនឡើង១៥,៧ភាគរយ និងការនាំចូលមានទឹកប្រាក់២៨,៥៤ ពាន់លានដុល្លារ កើនឡើង១៨ភាគរយ។
-->
ប្រទេសដែលជាដៃគូពាណិជ្ជកម្ម សំខាន់ជាងគេទាំង ៥ របស់កម្ពុជា រួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។ ទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានភាគច្រើន ជាផលិតផលសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ រួមនិងទំនិញសំខាន់ៗមួយចំនួន ទៀត ចំណែកទំនិញនាំចូលមានដូចជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុធ្វើពីដែក វត្ថុធ្វើពីប្លាស្ទីក និងផលិតផលគីមី ជាដើម។

អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ឲ្យដឹងថា ស្ថិរភាពនយោបាយ និងការកែលម្អប្រព័ន្ធច្បាប់វិនិយោគ បានជួយឱ្យកម្ពុជាទាក់ទាញ បានក្រុមហ៊ុនលំដាប់ពិភពលោកកាន់តែច្រើន ឱ្យចូលមកបើករោងចក្រនៅកម្ពុជា ដើម្បីផលិតសម្រាប់នាំចេញ ខណៈកម្ពុជាជាប្រទេសមួយ ដែលទទួលបានសិទ្ធិពិសេសផ្នែកពន្ធគយ លើការនាំទំនិញទៅកាន់ប្រទេសមួយចំនួនលើពិភពលោក។
លោកបន្តថា ក្រៅពីនេះកម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសធំៗដូចជាចិន កូរ៉េ និងអារ៉ាប់រួមអេមីរ៉ាត ព្រមទាំងកិច្ចព្រមព្រៀងលក្ខណៈតំបន់RCEP ផងដែរ។
នៅក្នុងឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍនន៍កម្ពុជា(CDC) បានអនុម័តឱ្យគម្រោងវិនិយោគចំនួន៤១៤គម្រោង កើនឡើង៥៤ភាគរយ(១៤៦ គម្រោង) បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន២៦៨ គម្រោង។ សម្រាប់ទុនវិនិយោគ គឺមានទឹកប្រាក់សរុប៦,៩ពាន់លានដុល្លារ កើនឡើង៤០ភាគរយ ពីចំនួន៤,៩២ពាន់លានដុល្លារ៕
