ទំហំពាណិជ្ជកម្មកម្ពុជាមានទឹកប្រាក់ជិត៥៥ពាន់លានដុល្លារ ខណៈការចុះបញ្ជីរទុនវិនិយោគសម្រេចបានទឹកប្រាក់ជិត៧ពាន់លានដុល្លារ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ របាយការណ៍បានបង្ហាះថា ពាណិជ្ជកម្មអន្តរជាតិ​របស់​កម្ពុជា​​ក្នុង​ឆ្នាំ២០២៤ សម្រេចបាន​ក្នុង​ទឹក​ប្រាក់​សរុបជិត៥៥ពាន់​លាន​ដុល្លារ កើន​ឡើង​ជិត២០ភាគរយ ​បើ​ធៀប​នឹង​​ឆ្នាំ២០២៣។នេះ​​​បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​(GDCE)។

ទិន្នន័យ​បាន​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល១២ ខែ​ឆ្នាំ ​២០២៤ ការ​នាំ​ចេញ​-នាំចូល​ទំនិញ​របស់​កម្ពុជា ​ជា​មួយ​ប្រទេស​ដៃគូទាំង​អស់មាន​ទឹក​ប្រាក់៥៤,៧៤ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួន៤៦,៨៣ ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជា នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ទឹក​ប្រាក់ ២៦,២ ពាន់​លាន​ដុល្លារ កើន​ឡើង១៥,៧ភាគរយ និង​ការ​នាំ​ចូល​មាន​ទឹក​ប្រាក់២៨,៥៤ ពាន់​លាន​ដុល្លារ កើន​ឡើង១៨ភាគរយ។

ប្រទេស​ដែល​​ជាដៃគូ​ពាណិជ្ជកម្ម​ សំខាន់​ជាង​គេ​ទាំង ៥ របស់​កម្ពុជា​ រួមមាន ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន។​ ទំនិញសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន​ភាគ​ច្រើន ជា​ផលិតផល​​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ​ដែលធ្វើឡើងពីក្រណាត់ ផ្លែឈើ និងគ្រាប់ផ្លែឈើ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ស្បែកជើង កៅស៊ូ និង​ផលិតផលធ្វើអំពីកៅស៊ូ រួមនិង​ទំនិញសំខាន់ៗមួយ​ចំនួន​ ទៀត ចំណែក​ទំនិញ​នាំចូល​មាន​ដូច​ជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុ​ធ្វើ​ពី​ដែក វត្ថុ​ធ្វើ​ពី​ប្លាស្ទីក និង​ផលិតផល​គីមី ជា​ដើម​។

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​មានប្រសាសន៍ឲ្យដឹងថា ស្ថិរភាពនយោបាយ និង​ការ​កែលម្អ​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ បាន​ជួយ​ឱ្យ​កម្ពុជា​ទាក់​ទាញ ​បាន​​ក្រុមហ៊ុន​លំដាប់​ពិភពលោក​កាន់​តែ​ច្រើន ​ឱ្យ​ចូល​​មកបើក​រោងចក្រ​នៅ​កម្ពុជា ដើម្បី​ផលិត​សម្រាប់​​នាំ​ចេញ ខណៈ​កម្ពុជា​​​​ជា​ប្រទេស​មួយ​ ដែល​ទទួល​បាន​សិទ្ធិ​ពិសេស​ផ្នែក​ពន្ធគយ ​លើ​ការ​នាំ​ទំនិញ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​​​លើ​ពិភពលោក។

លោកបន្តថា ក្រៅ​ពី​នេះ​កម្ពុជា ក៏​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ធំៗដូច​ជាចិន កូរ៉េ និង​អារ៉ាប់រួមអេមីរ៉ាត ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​លក្ខណៈ​តំបន់​RCEP ផងដែរ។

នៅ​ក្នុង​ឆ្នាំ​ ២០២៤ ក្រុម​ប្រឹក្សា​អភិវឌ្ឍនន៍​កម្ពុជា(CDC) បាន​អនុម័ត​ឱ្យ​គម្រោង​វិនិយោគ​ចំនួន៤១៤គម្រោង កើន​ឡើង៥៤ភាគ​រយ​(​១៤៦ គម្រោង) ​បើ​ធៀប​នឹង​ឆ្នាំ ២០២៣ ដែល​មាន​ចំនួន២៦៨ គម្រោង។ សម្រាប់​​ទុន​វិនិយោគ គឺ​មាន​ទឹក​ប្រាក់​​សរុប៦,៩ពាន់​លាន​ដុល្លារ កើន​ឡើង៤០​ភាគ​រយ ពី​ចំនួន៤,៩២ពាន់​លាន​ដុល្លារ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here