ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាវិនិយោគិនមកពីទីក្រុងហុងកុងជាប្រភពជនបរទេស ដែលបានទិញផ្ទះច្រើនបំផុតនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែ ការប្រកាសដំឡើងថ្លៃសិក្សា និងការអនុវត្តន៍គម្រោងពន្ធថ្មីពីសំណាក់រដ្ឋាភិបាលអង់គ្លេសនាពេលថ្មីៗនេះអាចនាំឱ្យប្រជាជនហុងកុងចាកចេញពីប្រទេសនេះ។
វិនិយោគិនហុងកុងបានចុះបញ្ជីអចលនទ្រព្យលំនៅដ្ឋានចំនួន២៥.៩៧២យូនីត នៅប្រទេសអង់គ្លេសកាលពីឆ្នាំ២០២៤ កើនឡើង៥,៧ភាគរយធៀបនឹងឆ្នាំ២០២៣ ដោយគ្របដណ្តប់ចំណែកចំនួន១៣,៧ភាគរយនៃអ្នកទិញផ្ទះសរុបទាំងអស់ជាជនបរទេស។ នេះបើយោងតាមទិន្នន័យពីភ្នាក់ងារអចលនទ្រព្យ Benham and Reeves ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
ទោះបីជាយ៉ាងណាក្តី ការវិវឌ្ឍន៍ថ្មីៗនេះនៅក្នុងប្រទេសអង់គ្លេសត្រូវបានគេរំពឹងថា នឹងធ្វើឱ្យតម្រូវការធ្លាក់ចុះនាពេលខាងមុខ។
-->
លោកស្រី Amber Zhao នាយក និងជាប្រធានទីភ្នាក់ងារអចលនទ្រព្យ Chestertons ក្នុងទីក្រុងឡុងដ៍ អះអាងថា “ទីផ្សារលំនៅដ្ឋានបានបន្តទាក់ទាញការចាប់អារម្មណ៍ពីអតិថិជនហុងកុង ជាពិសេសលំនៅដ្ឋាននៅទីក្រុងឡុងដ៍។ តម្រូវការនេះត្រូវបានជំរុញដោយកត្តាជាច្រើនរួមមាន ការធ្វើពិពិធកម្មការវិនិយោគ ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ក៏ដូចជាការអប់រំ”។
លោកស្រីបន្តថា “ចំពោះឆ្នាំ២០២៥នេះ ទស្សនវិស័យសម្រាប់ទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេសត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងសភាពមិនច្បាស់លាស់ និងមានការប្រុងប្រយ័ត្នពីអ្នកវិនិយោគ”។
យោងតាមវេទិកាចុះបញ្ជីអចលនទ្រព្យ
Zoopla បានឱ្យដឹងថា តម្លៃផ្ទះជួលក្នុងប្រទេសអង់គ្លេសបានកើនឡើងត្រឹមតែ៣,៩ភាគរយប៉ុណ្ណោះនៅក្នុងខែតុលា ឆ្នាំ២០២៤ បើធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលជាល្បឿនយឺតបំផុតក្នុងរយៈពេល៣ឆ្នាំ។ នេះជាមូលហេតុមួយដែលអាចនាំឱ្យអ្នកវិនិយោគពិចារណាយ៉ាងល្អិតល្អន់ មុននឹងទិញផ្ទះសម្រាប់គោលបំណងវិនិយោគនៅប្រទេសអង់គ្លេស។
ក្រៅពីនេះ ការផ្លាស់ប្តូរទាក់ទងនឹងគោលនយោបាយពន្ធមួយចំនួននៅក្នុងប្រទេសអង់គ្លេសក៏អាចធ្វើឱ្យទីផ្សារលំនៅដ្ឋានធ្លាក់ចុះផងដែរ។
ចាប់ពីឆ្នាំ២០២៥នេះតទៅ រដ្ឋាភិបាលអង់គ្លេសបានតម្រូវឱ្យសាលារៀនឯកជន រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) ចំនួន២០ភាគរយចំពោះថ្លៃសិក្សា។
លោកស្រី Zhao បានអះអាងបន្ថែមទៀតថា “ការដាក់ពន្ធអាករលើតម្លៃបន្ថែមលើថ្លៃសិក្សារបស់សាលារៀនឯកជនអាចបង្កផលប៉ះពាល់ដល់អតិថិជនហុងកុង ដោយសារវិធានការនេះអាចបង្កើនថ្លៃចំណាយនៃការរស់នៅ និងការសិក្សា ព្រមទាំងជះផលប៉ះពាល់ដល់ផលចំណេញពីការវិនិយោគ”៕ប្រភព: SCMP៕
