រុស្ស៊ី ចិន និងឥណ្ឌាបង្ហាញចំណាប់អារម្មណ៍ដូចគ្នាលើការវិនិយោគក្នុងគម្រោងតំបន់សេដ្ឋកិច្ចពិសេសយក្សរបស់មីយ៉ាន់ម៉ា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសរុស្ស៊ី ចិន និងឥណ្ឌាបានសម្លឹងឃើញឱកាសទាញយកផលប្រយោជន៍ពីសង្គ្រាមសុីវិលនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេស ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស Dawei នៅក្នុងប្រទេសមួយនេះ។

លោក Iskander Azizov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសមីយ៉ាន់ម៉ាបានធ្វើទស្សនកិច្ចនៅកាន់តំបន់សេដ្ឋកិច្ចពិសេស Dawei ដើម្បីពិភាក្សាអំពីគម្រោងនេះជាមួយលោក Myat Ko ប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស Dawei។ នេះបើយោងតាមគេហទំព័រព័ត៌មានឯករាជ្យ The Irrawaddy។

ថ្នាក់ដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី ITAR-Tass ថា “របបរបស់លោកកំពុងស្វែងរកជំនួយពីទីក្រុងម៉ូស្គូ ដើម្បីចាប់ផ្តើមសាងសង់គម្រោងកំពង់ផែនៅតំបន់ Dawei ដែលនឹងមានសមត្ថភាពផ្ទុកនាវាក្នុងចំណុះលើសពី២០មុឺនតោន”។

ដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតរុស្សី ទៅកាន់តំបន់ Dawei បានធ្វើឡើង ខណៈក្រុមមន្ត្រីនៃរបបយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះ បានអំពាវនាវឱ្យមានការពន្លឿនការងារនៅតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងកំពង់ផែទឹកជ្រៅ ដែលគាំទ្រដោយរដ្ឋាភិបាលចិននៅទីក្រុង Kyaukphyu ក្នុងរដ្ឋរ៉ាឃីន (Rakhine) និងគម្រោង Kaladan Road ដែលគាំទ្រដោយឥណ្ឌា។

គម្រោង Kaladan Road ជា​គម្រោង​ដែលមានទំហំទុនវិនិយោគចំនួន៤៨៤លាន​ដុល្លារ​អាមេរិក ដោយគ្រោងតភ្ជាប់​កំពង់ផែ​សមុទ្រ Kolkata ស្ថិតនៅភាគ​ខាងកើត​នៃប្រទេស​ឥណ្ឌា ជាមួយ​នឹង​កំពង់ផែ Sittwe ក្នុង​រដ្ឋ Rakhine របស់ប្រទេស​មីយ៉ាន់ម៉ា តាមរយៈ​ផ្លូវសមុទ្រ។

ជាមួយគ្នានេះ លោកស្រី Ma Jia ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានជួបលោក Myat Ko កាលពីដើមខែមករានេះ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីក្នុងការវិនិយោគ ជលផល អគ្គិសនី ទេសចរណ៍ ការអប់រំ និងវិស័យជាច្រើនផ្សេងៗទៀត។នេះបើយោងតាមស្ថានទូតចិន។

ដោយឡែក លោកឯកអគ្គរដ្ឋទូតរុស្សី Iskander Azizov ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ទីក្រុងមូស្គូចំពោះការវិនិយោគក្នុងវិស័យទេសចរណ៍នៅតំបន់ Tanintharyi ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ដោយបានសាកសួរពីតំបន់ទេសចរណ៍សំខាន់ៗដូចជាឆ្នេរ និងកោះ ព្រមទាំងការវិនិយោគក្នុងស្រុក និងការវិនិយោគពីបរទេសក្នុងគម្រោងសណ្ឋាគារនានានៅប្រជុំកោះ Myeik។

តំបន់សេដ្ឋកិច្ចពិសេស Dawei ស្ថិតនៅលើសមុទ្រ Andaman និងត្រូវបានតភ្ជាប់ទៅកាន់ឈូងសមុទ្រថៃតាមរយៈផ្លូវថ្នល់ឆ្លងកាត់ទឹកដីថៃ។ តំបន់នេះអាចតភ្ជាប់រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដោយតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយតំបន់អាស៊ីខាងត្បូង និងលើសពីនេះ៕ប្រភព: Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here