ស្ថាប័នជំនាញ: គម្រោងខុនដូនៅតំបន់កណ្តាលរាជធានីភ្នំពេញនៅតែមានតម្រូវការខ្ពស់

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនផ្តល់សេវាប្រឹក្សាយោបល់អចលនទ្រព្យ CBRE Cambodia បានអះអាងឱ្យដឹងថា តម្លៃខុនដូនៅរាជធានីភ្នំពេញនៅមានភាពប្រកួតប្រជែងបើប្រៀបធៀបនឹងទីក្រុងផ្សេងទៀតនៅក្នុងតំបន់។

ជាក់ស្ដែង ខុនដូនៅក្នុងទីក្រុងបាងកក ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសថៃ មានតម្លៃជាមធ្យមចំនួន៦.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូនៅក្នុងរាជធានីភ្នំពេញមានតម្លៃជាមធ្យមត្រឹមតែ២.២០០ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia បានអំពាវនាវឱ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នលើទីផ្សារខុនដូ ខណៈខុនដូថ្មីចំនួន៣.២០០យូនីតនឹងត្រូវបានចាក់បញ្ចូលទៅកាន់ទីផ្សារបន្ថែមទៀតនាពេលខាងមុខ។

ទីផ្សារខុនដូរបស់រាជធានីភ្នំពេញនៅឆ្នាំ២០២៥ នឹងបន្តមានស្ថានភាពស្រដៀងគ្នាទៅនឹងឆ្នាំ២០២៤ ខណៈចំនួននៃការបើកដំណើរការលក់គម្រោងខុនដូថ្មីៗនៅមានកម្រិតនៅឡើយ។

គម្រោងខុនដូជាច្រើនដែលមានស្រាប់នៅតែបន្តទាក់ទាញអតិថិជន ជាពិសេសគម្រោង ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយបណ្តាក្រុមហ៊ុនដែលមានបទពិសោធន៍ និងកេរ្ដិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យអចលនទ្រព្យ។

បច្ចុប្បន្ន គម្រោងខុនដូស្ថិតនៅតំបន់កណ្តាលរាជធានីភ្នំពេញស្ថិតក្នុងស្ថានភាពល្អប្រសើរ និងបន្តរក្សាបាននូវសន្ទុះនៃការលក់ ព្រោះខុនដូនៅតំបន់នេះនៅតែមានតម្រូវការខ្ពស់។

ដោយឡែក អត្រាគ្របដណ្តប់ការប្រើប្រាស់ការិយាល័យ(Occupancy Rate)នៅរាជធានីភ្នំពេញស្ថិតក្នុងរង្វង់៦៥,១ភាគរយ ក្រោមកម្រិតស្តង់ដារសកល ដែលកំណត់ចន្លោះពី៨៥ភាគរយទៅ៩០ភាគរយ ខណៈតម្លៃជួលការិយាល័យជាមធ្យមស្ថិតក្នុងរង្វង់២៧ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ទីផ្សារលក់រាយក៏កំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ខណៈអត្រាគ្របដណ្តប់ការប្រើប្រាស់ទីតាំងលក់រាយនៅរាជធានីភ្នំពេញស្ថិតក្នុងរង្វង់ត្រឹមតែ៦១,៨ភាគរយ ដែលទាបជាងកម្រិតស្តង់ដារសកលលោកចន្លោះពី៩០ភាគរយទៅ៩៥ភាគរយ៕ប្រភព: CBRE៕

LEAVE A REPLY

Please enter your comment!
Please enter your name here