ដោយៈ គង់ សូរិយា
ភ្នំពេញៈ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុIndex Score ៩៦.១១ លើ១០០។
ព័ត៌មានដ៏ល្អនេះ ត្រូវបានលើកឡើងដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងវេទិកាធុរកិច្ចកម្ពុជា ហ្វីលីពីនកាលពីថ្ងៃទី១០ កុម្ភៈកន្លងមកនេះ។
សម្តេចបវរធិបតីបានបញ្ជាក់ថា “កម្ពុជាបានក្លាយជាទិសដៅចម្បង សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីតាមដាន FDI Intelligence Standouts Standouts 2024 ដែលជាប់ចំណាត់ថ្នាក់ ក្នុងចំណោមគោលដៅ FDI កំពូលទាំង៥០របស់ពិភពលោក”។
សម្តេចបានបន្តថា សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង១៥ដង ក្នុងចន្លោះឆ្នាំ២០០៧-២០២២។ សម្តេចបន្តថា “លើសពីនេះ កម្ពុជាសម្បូរដោយកម្លាំងពលកម្ម ដែលមានវ័យក្មេង ប្រកបដោយសក្តានុពល និងជាកាតាលីករដ៏សំខាន់នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ”។
កម្ពុជាក៏បានធ្វើទំនើបកម្ម ហេដ្ឋារចនសម្ព័ន្ធរូបវន្តបានយ៉ាងល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំនឹងទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាព ប្លែកពីគេសម្រាប់វិនិយោគ។
ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ក៏បានបន្ថែមនូវមុំយុទ្ធសាស្ត្រថ្មីបន្ថែម លើបច្ចេកវិទ្យា ដែលកំពុងតែសាយភាយលូតលាស់ពេញ ស្រទាប់យុវជនវ័យក្មេងរបស់កម្ពុជា ដោយអភិវឌ្ឍបាននូវប្រព័ន្ធឌីជីថល សម្រាប់ប្រើប្រាស់បានដ៏ល្អប្រសើរ៕