ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ផ្សារទំនើបលំដាប់អន្តរជាតិ Phnom Penh Maga Mall គ្រោងនឹងបើកដំ នើរការនៅកំឡុងដើមត្រីមាសទី២ ឆ្នាំ២០២០ខាងមុខនេះ បន្ទាប់ពីផ្សារដ៏ធំនេះបានពន្យាពេលបើកដំណើរការអស់ជាច្រើនឆ្នាំ។
ពីមុនគេស្គាល់ផ្សារទំនើប ដែលស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ីនេះ ជាផ្សារទំនើប Parkson ដែលជាផ្សារល្បីឈ្មោះនៅប្រទេសម៉ាឡេស៊ី ដោយសារតែនាយកផ្សារទំនើប Parkson គ្រោងជួលផ្សារនេះចំនួន៥ជាន់ ដើម្បីដំនើរការផ្សាររបស់ខ្លួន ប៉ុន្តែក្រោយមកកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់។
-->
នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Hasson (Cambodia) Development Co, Ltd លោក ROFY OTHSMAN បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៨មេសាកន្លងមកថា ផ្សារទំនើបនេះ នឹងបើកដំណើរការនៅថ្ងៃទី១ មេសា ឆ្នាំ២០២០ខាងមុខនេះ ព្រោះបច្ចុប្បន្នក្រុមហ៊ុនបានអនុញ្ញាត្តឲ្យម្ចាស់ស្តង់និមួយៗ ចូលដេគ័រតូបរបស់ខ្លួនបណ្តើរៗហើយ។ លោកបន្តថា ផ្សារទំនើបកំពស់៩ជាន់នេះ មានទំហំ១៤០,០០០ម៉ែត្រការ៉េ និងមានលក់ទំនិញចម្រុះ ដែលយើងរំពឹងថានឹងទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជន។
លោកបន្តថា “ផ្សារទំនើបនេះស្ថិតនៅទីតាំងល្អប្រសើរ ដោយស្ថិតនៅលើផ្លូវធំ ព័ទ្ឋជុំវិញដោយលំនៅដ្ឋាន ខុនដូ ក្រសួងមន្ទីរ និងសាលារៀនជុំវិញ ហេតុនេះយើងរំពឹងថាវានឹងទទួលបានជោគជ័យ”។ លោកបន្តថា “ទុនវិនិយោគក្នុងគំរោងនេះ មានទំហំទឹកប្រាក់ចន្លោះពី៧០ទៅ៨០លានដុល្លារ ប៉ុន្តែបើរាប់បញ្ចូលតម្លៃដី គឺគំរោងវិនិយោគនេះមានតម្លៃរហូតដល់ ១០០ លានដុល្លារអាមេរិក”។
លោក ROFY OTHSMAN បានបន្តថា ជាមួយនឹងការគិតគូពីចំណតយានយន្ត ដែលវាជាបញ្ហាប្រឈមមួយនៅទីក្រុងភ្នំពេញ ទើបក្រុមហ៊ុនបានរៀបចំចំណត ដែលអាចចតយានយន្តបានរហូតដល់១៥០០គ្រឿង ដោយមានទាំងចំណតលើ និងខាងក្រោមដី ដើម្បីបំរើសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលដល់អតិថិជន។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនបានផ្តល់សិទ្ឋជួល ផ្តាច់មុខដល់ក្រុមហ៊ុន CBRE Cambodia ដែលមានជំនាញលើការងារនេះ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia មិនអាចសុំការអត្ថាធិប្បាយបានទេ ប៉ុន្តែអ្នកនាងធ្លាប់បានមានប្រសាសន៍ថា ចំនួនផ្សារទំនើបនៅរាជធានីភ្នំពេញ មិនទាន់លើសតម្រូវការនៅឡើយទេ ដោយសារទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅក្រុងភ្នំពេញ គឺទំហំផ្សារនៅមានកម្រិតនៅឡើយ។ ម្យ៉ាងទៀតដោយសារតែអ្នកវិនិយោគនិមួយៗ បានចាប់យកចំណែកអតិថិជនខុសៗគ្នា ទីតាំងខុសៗគ្នា។
អ្នកនាងបន្តថា “ការវិនិយោគផ្សារទំនើបងាយទទួលបានផលត្រលប់មកវិញ ប៉ុន្តែអ្នកវិនិយោគត្រូវតែធ្វើការកែលំអរ និងរចនាសោភ័ណភាព និងទីតាំងលក់រៀងរាល់៥ឆ្នាំ ម្តង ទើបទទួលបានជោគជ័យ”៕