ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានអះអាងឱ្យដឹងថា ទោះបីជាសេដ្ឋកិច្ចពិភពលោកជួបប្រទះបញ្ហាប្រឈមយ៉ាងណាក្តី ក៏តម្លៃជួលទីតាំងឧស្សាហកម្មនៅកម្ពុជានៅតែបន្តមានស្ថិរភាព។
ការណ៍នេះសរបង្ហាញឱ្យឃើញពីភាពរឹងមាំនៃវិស័យផលិតកម្មរបស់កម្ពុជា ដែលជំរុញឱ្យតម្រូវការជួលមូលដ្ឋានទីតាំងផលិតកម្ម ដូចជា រោងចក្រ ដីឧស្សាហកម្ម និងឃ្លាំងជាដើម។
តួយ៉ាង ការជួលរោងចក្រនៅរាជធានីភ្នំពេញមានតម្លៃជាមធ្យមចន្លោះពី២,៥ដុល្លារអាមេរិកទៅ៣,៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈការជួលរោងចក្រនៅខេត្តកណ្តាលមានតម្លៃជាមធ្យមចន្លោះពី២ដុល្លារទៅ៣,៥ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
-->
ចំណែកឯ ការជួលដីឧស្សាហកម្មក្រោមកិច្ចសន្យារយៈពេលវែងចំនួន៥០ឆ្នាំមានតម្លៃជាមធ្យមចន្លោះពី៨០ដុល្លារទៅ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Cambodia ។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងវិស័យឧស្សាហកម្ម ដោយក្រុមហ៊ុននេះបានទិញយកភាគហ៊ុនចំនួន៤៥,០៩ភាគរយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank លើកឡើងថា ទោះបីជាមានការកើនឡើងនៃអត្រាអតិផរណាក្នុងស្រុក និងពិភពលោកយ៉ាងណាក្តី ក៏ប៉ុន្តែវិស័យឧស្សាហកម្ម និងការដឹកជញ្ជូននៅតែជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
យោងតាមការព្យាករណ៍ដោយធនាគារពិភពលោកបានបង្ហាញថា វិស័យឧស្សាហកម្មរបស់កម្ពុជានឹងសម្រេចបានអត្រាកំណើនចំនួន៨,៦ភាគរយនៅក្នុងឆ្នាំ២០២៥នេះ ដោយសារការកើនឡើងនៃការនាំចេញក្នុងវិស័យផលិតកម្ម៕ប្រភព: Knight Frank៕