ដោយ នៅ វឌ្ឍនា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាប បានអះអាងថា សហគមន៍នេសាទ និងតំបន់ការពារធម្មជាតិបឹងពារាំងក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប នឹងក្លាយជាសហគមន៍ទេសចរណ៍ ដ៏ទាក់ទាញថ្មីមួយទៀត នៅខេត្តសៀមរាប ដើម្បីបំពេញតម្រូវការបន្ថែមជូនភ្ញៀវទេសចរ។

-->
សហគមន៍នេសាទ និងតំបន់ការពារធម្មជាតិបឹងពារាំងនេះ មានសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរដែលស្រលាញ់ចូលចិត្តធម្មជាតិ មើលសត្វស្លាប គយគន់ថ្ងៃលិច ជិះទូកកម្សាន្តនៅជុំវិញបឹងជាដើម។ សហគមន៍នេះ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ ដែលបានរៀបចំកាលពីព្រឹកថ្ងៃទី១០ មេសានេះថា ក្រសួងទេសចរណ៍មិនទាមទារនូវការចុះបញ្ជី ឬការគ្រប់គ្រងទៅលើសហគមន៍នេសាទ ឬសហគមន៍តំបន់ការពារធម្មជាតិទេ ប៉ុន្តែក្រសួងទេសចរណ៍អាចទទួលស្គាល់សហគមន៍ណាមួយ ជាសហគមន៍ទេសចរណ៍បាន លុះត្រាតែសហគមន៍ទេសចរណ៍នោះ អាចបង្ហាញគោលការណ៍ ២សំខាន់៖ ទី១. សហគមន៍ទាំងនោះមានសក្តានុពលទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរបាន និងទី២. សហគមន៍ទាំងនោះ បានរៀបចំត្រឹមត្រូវតាមស្តង់ដាសហគមន៍ទេសចរជាតិ និងអាស៊ាន។
ជាក់ស្តែងនៅតំបន់បឹងពារាំងនេះ ប្រជាពលរដ្ឋសហគមន៍បានចូលរួមយ៉ាងសកម្ម ក្នុងការអភិរក្សនូវធនធានជលផល ជាពិសេសត្រីធម្មជាតិ ដែលជាប្រភពទាក់ទាញសត្វស្លាបរាប់សែនក្បាលឲ្យមកស្នាក់អាស្រ័យ ធ្វើសំបុកពងកូន ដែលទាំងនេះបង្កើតបានជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរដែលស្រលាញ់ចូលចិត្តធម្មជាតិ មើលសត្វ គយគន់ថ្ងៃលិច ជិះទូកកម្សាន្តនៅជុំវិញបឹងជាដើម។
លោកថោង ខុនបានបន្តថា “គំរូនៃការប្រែក្លាយសហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ ទៅជាសហគមន៍ទេសចរណ៍ ក៏ត្រូវបានអនុវត្តប្រកបដោយជោគជ័យនៅសហគមន៍មួយចំនួន ដូចជាសហគមន៍អេកូទេសចរណ៍ជីផាត សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ និងសហគមន៍អេកូទេសចរណ៍អារ៉ែងជាដើម”។

ក្នុងក្របខណ្ឌនៃរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន កម្ពុជាគឺជាប្រទេសនាំមុខក្នុងការរៀបចំស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងស្តង់ដាផ្ទះស្នាក់អាស៊ាន ហើយកាលពីវេទិការទេសចរណ៍អាស៊ានកាលពីខែមករា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម កម្ពុជាមានសហគមន៍ទេសចរណ៍ចំនួន៣ និងផ្ទះស្នាក់ចំនួន៥ ដែលបានទទួលរង្វាន់ពីអាស៊ាន រួមមាន ទី១៖ សហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង ក្នុងខេត្តកោះកុង។ ទី២៖ សហគមន៍ទេសចរណ៍កំពង់ភ្លុក ក្នុងខេត្តសៀមរាប។ទី៣៖ សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ៕
