ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រតិភូវិនិយោគិន នៃខេត្តហ៊ឺណាន សរុបប្រមាណ៥០ក្រុមហ៊ុន ដឹកនាំដោយលោកស្រីLi Fengzhi អភិបាលរង នៃគណៈអភិបាលក្រុងកឹង ចូវ បានមកសិក្សាឱកាសវិនិយោគនៅកម្ពុជា។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ច ស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា របស់គណៈប្រតិភូ នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ នៃខេត្តហ៊ឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនេះ ក៏មានការចូលរួមផងដែរពីសំណាក់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំក្រកម្ពុជា និងមានការចូលរួមពី លោកឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក លោកស្រី ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ លោកឧកញ៉ា ឧញ៉ា មកពីសមាគមឧកញ៉ាកម្ពុជា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលបានចំណាយពេលវេលា មកបំពេញទស្សកិច្ច ស្វែងយល់ដោយផ្ទាល់ អំពីបរិយាកាសវិនិយោគ នៅកម្ពុជានាពេលបច្ចុប្បន្ន ដែលបង្ហាញឱ្យឃើញពីចំណងមិត្តភាព កម្ពុជា-ចិន ដ៏រឹងមាំស្អិតរមួតក្នុងនាមជាមិត្តដែកថែប។
ជាមួយគ្នានេះលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងធំធេងនៃទំនាក់ទំនងកម្ពុជា-ចិន ដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកំពុងបន្តរីកចំរើន កាន់តែរឹងមាំឥតឈប់ឈរថែមទៀត និងបានរំលេចដែរថា កម្ពុជាគឺពិតជាគោលដៅវិនិយោគមួយដ៏ប្រពៃ បើធៀបនឹងគោលដៅដទៃនៅក្នុងតំបន់។
ដើម្បីជាការបំភ្លឺបន្ថែមឱ្យកាន់តែប្រត្យក្ស ជូនដល់គណៈប្រតិភូដែលមាវត្តមាននាឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូន អំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ពិចារណា ក្នុងការសម្រេចចិត្តវិនិយោគ និងជម្រាបអំពីមុខសញ្ញាវិនិយោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាពរួមមាន៖ រោងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗ។
ជាការឆ្លើយតបលោកស្រីអភិបាលរង បានជម្រាបដោយសង្ខេបអំពីទីតាំងភូមិសាស្រ្តនៃក្រុងកឹងចូវ ព្រមទាំងសក្តានុពលនានាដែលជាភាពលេចធ្លោទាក់ទាញរបស់ទីក្រុង។
នាឱកាសនោះលោកស្រី Li Fengzhi ក៏បានរំលេចជាពិសេសអំពីគម្រោង ស្នើសុំវិនិយោគសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាលខេត្តហ៊ឺណាន ដែលត្រូវបានរំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្មពិសេសលើ ផលិតផលកសិកម្ម ការច្នៃផលិតផលកសិកម្ម ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យាកសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលមានមុខសញ្ញាអាជីវកម្មពាក់ព័ន្ធ នឹងវិស័យកសិកម្មបែបទំនើប។
តាមរយៈជំនួបនេះ មានក្រុមហ៊ុនមួយចំនួនបានធ្វើបទបង្ហាញអំពីខ្សែច្រវ៉ាក់ផលិតកម្ម បច្ចេកទេស បច្ចេកវិទ្យា និងផលិតផលរបស់ខ្លួន ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានក្នុងការឈានទៅរកការចាប់ដៃសហការ ផ្គូផ្គងធុរកិច្ចជាមួយគ្នានាពេលអនាគត។
ភាគីទាំងពីរបានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាធ្វើឱ្យកាន់តែស៊ីជម្រៅ និងកាន់តែជិតស្និទ្ធថែមទៀត នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងចូលរួមសហការអនុវត្តផែនការកសាងកម្ពុជាក្នុងយុគសម័យថ្មី រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន (២០២៤ – ២០២៨) ក៏ដូចជាកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដូចជា ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល ជាដើម៕