ដោយ រ៉ាណេត
ភ្នំពេញ៖ បន្ទាប់ពីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ រួចមក បានធ្វើឱ្យចរន្តនៃការទិញ-លក់ដីធ្លីដែលស្ថិតនៅជាប់ និងនៅក្បែរតំបន់សាងសង់មានភាពពុះកញ្ជ្រោលយ៉ាងខ្លាំង ដែលធ្វើឱ្យតម្លៃកើនឡើងគួរឱ្យកត់សម្គាល់។
លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១០ កន្លងមកថា បច្ចុប្បន្នចំពោះស្ថានភាពនៃតម្លៃដី ដែលស្ថិតនៅតំបន់សាសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺកំពុងតែមានភាពពុះកញ្ជ្រោលក្នុងការ ទិញ-លក់ បន្តយកចំណេញ។
លោកឧកញ៉ាបន្តថា បើតាមក្រុមការងារដែលចុះធ្វើការស្រាវជ្រាវផ្ទាល់ឃើញថា មានការកើនឡើងខ្លាំង ប៉ុន្តែតម្លៃគោលដែលនឹងបន្តកើនឡើងរហូតដល់កម្រិតណានោះ គឺមិនទាន់អាចកំណត់បាននោះទេ ដែលជាធម្មតាបងប្អូនប្រជាជនដែលជាម្ចាស់ដីផ្ទាល់ ពួកគាត់ចេះតែចង់បានតម្លៃមួយខ្ពស់ ដូចជានៅតំបន់ព្រែកព្នៅ មានតម្លៃទាបបំផុតក្នុងចន្លោះជាង១០ដុល្លារ ឬតំបន់ខ្លះអាចឈានឡើងដល់២០ ដុល្លារក៏មាន (ប្រភេទដីទំនេរ ដូចជាដីបឹង ឬដីស្រែជាដើម)។
លោកបន្តថា ដោយឡែកដីដែលស្ថិតនៅក្នុងភូមិ អាចឡើងដល់ប្រមាណជាង ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយនៅតំបន់ខ្លះមានតម្លៃថ្លៃជាងនេះ ដែលវាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងនៃទីតាំង និងទំហំដី។
លោកឧកញ៉ាបានបន្តទៀតថា ដោយឡែកចំពោះដី ដែលស្ថិតតំបន់ទំនប់កប់ស្រូវគឺមានស្ថានភាពល្អប្រសើរជាងតំបន់ព្រែកព្នៅ ព្រោះនៅតំបន់នេះមានការអភិវឌ្ឍន៍ច្រើន ហើយលំហូរនៃការធ្វើពាណិជ្ជកម្ម ក៏ដូចជាការតាំងលំនៅដ្ឋានក៏មានច្រើន ជាពិសេសសកម្មភាពនៃការពុះដីឡូតិ៍។
ចំពោះប្រភេទដីឡូតិ៍ ដែលស្ថិតនៅជាប់ផ្លូវធំមានតម្លៃខ្ពស់ក្នុងចន្លោះចាប់ពីជាង១០,០០០ដុល្លារ រហូតឈានដល់ជាង២០,០០០ ដុល្លារក៏មានដែរ ហើយក៏មិនសូវមានដីទំនេរនោះដែរ។ ប៉ុន្តែបើដីដែលស្ថិតនៅក្នុងខណ្ឌដង្កោ ត្រង់ចំណុចព្រែកកំពឹស អាចមានសភាពទាបជាងតំបន់ទំនប់កប់ស្រូវ ដោយស្ថានភាពដីទំនេរ ឬដីបឹង ទាបបំផុតអាចក្នុងចន្លោះចាប់ពី១៥ - ២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ជាមួយគ្នានេះ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal (KFA) បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា នៅតំបន់កៀនស្វាយដែលស្ថិតនៅជាប់នឹងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ តម្លៃដីមានភាពពុះកញ្ច្រោលខ្លាំងលើការទិញ-លក់ទ្វេដងហើយតម្លៃក៏បន្តឡើងខ្លាំងផងដែរ ពោលគឺចាប់តាំងពីសម្ដេចនាយករដ្ឋមន្ត្រី លោកប្រកាសបើកការដ្ឋានសាងសង់មក ដែលគិតត្រឹមពេលនេះមានរយៈពេលខ្លីជាង៣ខែប៉ុណ្ណោះ តម្លៃដីនៅតំបន់មានការកើនឡើងប្រមាន១៥ ទៅ២០ភាគរយ។
លោកឧកញ៉ាបន្តថា ដីដែលស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣នាពេលបច្ចុប្បន្ន មានតម្លៃទាបបំផុត៦០ដុល្លារក្នុងមួយម៉ែត្រការ៉េ (ជាប្រភេទដីស្រែ) ប៉ុន្តែចំពោះដីចំការ ឬដីភូមិទំនេរ ដែលត្រូវផ្លូវក្រវ៉ាត់ក្រុងទី៣ឆ្លងកាត់ មានតម្លៃចាប់ពី១០០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃរបស់វាអាស្រ័យទៅតាមស្ថានភាព និងទំហំដី។ ដោយឡែកងាកមកខាងតំបន់ស្រុកស្អាងវិញ ដីធ្លីកាន់តែមានតម្លៃថ្លៃ ពោលគឺដីធម្មតា ដែលមិនជាប់នឹងតំបន់ផ្លូវក្រវ៉ាត់ក្រុង មានតម្លៃចន្លោះ៨០ទៅ១១០ ដុល្លារក្នុងមួយម៉ែត្រការ៉េរួចទៅហើយ ដោយសារតែនៅក្នុងស្រុកស្អាងមានការអភិវឌ្ឍន៍រួមជាស្រេចហើយ៕






