ដោយ ៖ វុត្ថា
ភ្នំពេញ ៖ បើទោះជាមានការប្រកាសស្ដីអំពីការជាប់កាតព្វកិច្ចបង់ពន្ធទៅលើអចលនទ្រព្យរួចហើយក៏ដោយ ប៉ុន្តែគេជឿថានៅមានប្រជាពលរដ្ឋមួយចំនួនដែលជាម្ចាស់អលចនទ្រព្យហាក់នៅមានភាពស្រពិចស្រពិលពីកាតព្វកិច្ចជាប់ពន្ធនៅឡើយ។
យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំ ណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិន ចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។
អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមាន ដូចជា ដី ផ្ទះ និងសំណង់នានា ដែលសាងសង់ភ្ជាប់ជាមួយដីនោះ។ ទោះយ៉ាងណាមានអចលនទ្រព្យមួយចំនួន ត្រូវបានលើកលែងដោយមិនតម្រូវឱ្យបង់ពន្ធដែលមាន ដូចជា ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។
យោងទៅតាមច្បាប់ អ្នកដែលជាប់បន្ទុកបង់ពន្ធគឺម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយ លើអចលនទ្រព្យជាប់ពន្ធ។ អចលនទ្រព្យដែលជាប់កាតព្វកិច្ចពន្ធលុះត្រាតែអចលនទ្រព្យនោះ មានតម្លៃសរុបលើសពី១០០លានរៀល (២៥,០០០ដុល្លារ) ឡើងទៅ។
តើត្រូវបង់ពន្ធនៅឯណា?
សម្រាប់អចលទ្រព្យនៅតាមខេត្ត តម្រូវឱ្យបង់ពន្ធតាមសាខាពន្ធដារខេត្ត ប៉ុន្តែប្រសិនបើអចលនទ្រព្យស្ថិតក្នុងទីក្រុងភ្នំពេញ ត្រូវបង់នៅសាខាពន្ធដារខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ។ ជាទូទៅពន្ធអចលនទ្រព្យតម្រូវឱ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំដែលជាប់ពន្ធ។ ទាក់ទងនឹងការបង់ពន្ធនេះ អ្នកបង់ពន្ធតម្រូវឱ្យដាក់លិខិតប្រកាសពន្ធ និងគណនាពន្ធដោយខ្លួនឯង។
ក្រៅពីការបង់ពន្ធតាមសាខាពន្ធដារ ម្ចាស់អចលនទ្រព្យ ក៏អាចបង់ពន្ធនៅតាមសាខាធនាគារដៃគូមួយចំនួនដូចជា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ាធនាគារ អេអិនហ្សិតរ៉ូយ៉ាល់ ឬធនាគារកម្ពុជាសាធារណៈ៕






