ដោយ រ៉ាណេត
ភ្នំពេញ៖ ក្រុមអ្នកជំនាញអចលនទ្រព្យបានអះអាងថា នៅដើមឆ្នាំ២០១៩នេះចរន្តនៃការ ទិញ លក់ លើវិស័យដីធ្លីនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត / ក្រុងសំខាន់មួយចំនួនមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ខណៈដែលបណ្តាអ្នកវិនិយោគបានសម្លឹងឃើញពីភាពវិជ្ជមាន និងឱកាសដែលទទួលបានផលប្រយោជន៍ពីវិស័យមួយនេះ ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាបានប្រាប់តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែមេសានេះថា បើសម្លឹងមើលពីទិដ្ឋភាពជាក់ស្ដែងនៅលើទីផ្សារ ទិញ-លក់ វិស័យដីធ្លីគឺមានភាពល្អប្រសើរ។ អ្នកនាងបន្តថា ចរន្តនៃការទិញ - លក់ ដីធ្លី នៅដើមឆ្នាំ ២០១៩ នេះគឺមានការកើនឡើងច្រើន ប៉ុន្តែក៏អាស្រ័យទៅតាមតំបន់ដែរ ដូចជានៅរាជធានីភ្នំពេញ មានតំបន់ ING ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ និងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។ កំនើននេះមួយផ្នែក ដោយសារតែហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានកើតមានយ៉ាងឆាប់រហ័ស ដែលអាចធ្វើឱ្យតម្លៃអចលនទ្រព្យ និងវិស័យដីធ្លីមានការកើនឡើងលឿន ដែលអាចធ្វើឱ្យបណ្តាអ្នកវិនិយោគនានា សម្លឹងឃើញពីឱកាសទទួលបានប្រាក់ចំណេញ។
-->
នាយិការូបនេះបានបន្តថា ដោយឡែកចំពោះការទិញ-លក់ នៅតាមបណ្តាខេត្តនានា ដូចជា ខេត្តសៀមរាប ខេត្តកែប ខេត្តកំពត ,ប៉ោយប៉ែត ក៏មានភាពល្អប្រសើរផងដែរ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ លើកឡែងតែខេត្តព្រះសីហនុ ហាក់មានការថមថយជាងឆ្នាំកន្លងទៅ ប៉ុន្តែនៅតែមានអ្នកវិនិយោគក្នុងវិស័យមួយនេះបន្តការចាប់អារម្មណ៍ដដែល។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានទទួលស្គាល់ចំពោះភាពល្អប្រសើរនៃសកម្មភាពទិញ លក់ ដីធ្លី នៅក្នុងតំបន់ទាំងអស់ខាងលើនេះ ដោយអ្នកស្រីបានមានប្រសាសន៍ថា ខេត្តកំពតនាពេលនេះ សកម្មភាពនៃការទិញលក់លើវិស័យអចលនទ្រព្យ ជាពិសេសវិស័យដីធ្លី គឺមានការផុលផុស ស្របពេលដែលបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន បានចាប់ផ្តើមបង្ហាញពីសកម្មភាពរបស់ខ្លួននៅក្នុងខេត្តមួយនេះ ជាពិសេសនីតំបន់ភ្នំ តំបន់ជាប់ឆ្នេរសមុទ្រ និងតំបន់ជាប់មាត់ព្រែកតែម្ដង។
លោកស្រីបន្តទៀតថា “អ្នកវិនិយោគលើវិស័យដីធ្លីភាគច្រើនជាជនជាតិខ្មែរ ដែលនៅក្នុងស្រុក ដែលពួកគាត់ច្រើនទិញទុកលក់បន្ត ដើម្បីយកចំណេញនៅពេលអនាគត”។ លោកស្រីបន្តថា ដោយឡែកចំពោះក្រុមហ៊ុនអភិវឌ្ឍភាគច្រើជាជនបរទេស ដូចជាជនជាតិចិន និងជប៉ុនជាដើម ប៉ុន្តែក៏មានជនជាតិខ្មែរមួយចំនួនផងដែរ ហើយជាក់ស្ដែងបច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុនចាប់ផ្តើមបុក គ្រឹះសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ រួមជាមួយនឹងការចាប់ផ្តើមអភិវឌ្ឍន៍ លើផ្នែកមណ្ឌលកម្សាន្តនៅតាមតំបន់មាត់ព្រែកផងដែរ”។
ជាមួយគ្នានេះ អ្នកស្រី តាំង ហួរ ក៏បានបញ្ជាក់ផងដែរថា ចំពោះខេត្តកែប ក៏មានសក្ដានុពលស្រដៀងគ្នាទៅនឹងខេត្តកំពតដែរ ព្រោះខេត្តទាំង២នេះស្ថិតនៅជាប់គ្នា និងមានស្ថានភាពភូមិសាស្ត្រដូចជាគ្នា ដូចជាតំបន់មាត់សមុទ្រ តំបន់ភ្នំ និងមានព្រែកដែលបំបែកចេញពីដៃសមុទ្រផងដែរ៕