ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ជាដំណឹងល្អមួយសំរាប់ប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងធ្វើដំណើរតាមផ្លូវដែក គឺអាចធ្វើដំណើរពីកម្ពុជាដល់ប្រទេសសឹង្ហបុរីហើយ ចាប់ពីថ្ងៃទី២២ មេសាខាងមុខនេះ។
អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបន្ទុកការងារផ្លូវដែកលោកលី បូរិនបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១១ មេសានេះថា នៅថ្ងៃទី២២មេសាខាងមុខនេះ ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងប្រមុខរដ្ឋាភិបាលថៃ នឹងអញ្ជើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែក ជាប្រវត្តិសាស្រ្តរវាងកម្ពុជា ថៃ និងប្រមុខដឹកនាំទាំងពីរនឹងអញ្ជើញចូលរួមចាក់បេតុងជានិម្មិតរូប សំរាប់ការតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនកម្ពុជា ថៃនៅច្រកស្ទឹងបត់និងពិធីមួយចំនួនទៀត។
លោកបន្តថា “បន្ទាប់ពីពិធីចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូដែកនេះ អ្នកធ្វើដំណើរអាចធ្វើដំណើរឆ្លងពីកម្ពុជាទៅកាន់ប្រទេសថៃ ម៉ាឡេស៊ី និងសឹង្ហបុរីបានហើយ ដោយគ្រាន់តែវាយប៉ាស័្ពពេលធ្វើដំណើរឆ្លងកាត់ប្រទេសនិមួយៗ”។ លោកបន្តថា“តាមច្បាប់អន្តរជាតិ គឺប្រទេសនិមួយៗមិនអាចឲ្យរថភ្លើង ឆ្លងកាត់ប្រទេសរបស់ខ្លួនបានទេ គឺតម្រូវឲ្យពេលមកដល់ព្រំដែននៃប្រទេសនិមួយៗ គឺប្រទេសសាម៉ីជាអ្នកយកក្បាលរថភ្លើងមកអូស ទូរថភ្លើងរបស់ប្រទេសឆ្លងកាត់ ដើម្បីមកកាន់គោលដៅណាមួយ”។






