ដោយៈ យិន លាងគង់
ភ្នំពេញៈ ស្របពេលទីផ្សារដីធ្លី ផ្ទះ ខុនដូកំពុងមានសភាពកើនឡើងតិចតួច និងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អនាគតនៃការងើបឡើងវិញរបស់វិស័យនេះ ស្ថិតនៅក្នុងសភាពស្រពេចស្រពិលនៅឡើយ។
តើវិស័យនេះ លែងជាវិស័យដែលអាចឲ្យវិនិយោគិន ក្នុងស្រុក និងអន្តរជាតិកើបលុយបានច្រើនទៀតឬយ៉ាងណា?។
-->
ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ សូមលើកយកទស្សនយល់ឃើញ និងការវិភាគមួយចំនួនសម្រាប់ពិចារណា។
កំណើនប្រជាសាស្រ្ត
ធៀបជាមួយបណ្តាប្រទេសអាស៊ាន កម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើន ដែលត្រូវបង្កើតគ្រួសារថ្មី ជាហេតុផល ដែលនឹងធ្វើឲ្យតម្រូវការ ក្នុងវិស័យនេះកើនឡើង ប៉ុន្តែការកើនឡើងកម្រិតណា អាស្រ័យលើសេដ្ឋកិច្ចរបស់ប្រទេស និងភាពអាចទស្សន៍ទាយទុកជាមុនបាន របស់ពិភពលោកផងដែរ។
ប្រជាជនវ័យក្មេង ដែលមានអាយុក្រោម៣០ឆ្នាំចុះ មានប្រមាណ៦០ភាគរយ នៃអត្រាប្រជាជនសរុប ដែលពួកគេត្រូវបង្កើតគ្រួសារ និងបង្កើតកូនសម្រាប់អនាគតរបស់ពួកគេ ប៉ុន្តែទោះជាយ៉ាងណា អត្រាអ្នកនៅលីវនៅកម្ពុជា បានកើនឡើងខ្ពស់។
ជាមួយគ្នានេះ អត្រាកំណើតរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេសមានអត្រាខ្ពស់ បើធៀបនឹងប្រទេសឡាវ និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។
ការរីកចម្រើនទីប្រជុំជន

ទីប្រជុំជននៅកម្ពុជា តាមឃុំ សង្កាត់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗ បានកើនឡើង និងកាន់តែរីកធំ ដែលក្រសួងមហាផ្ទៃក្នុងអាណត្តិទី៦កន្លងមក គឺរដ្ឋាភិបាលគ្រោងប្រែក្លាយទីប្រជុំជនធំៗ ជាទីក្រុងដែលមានឋានៈស្មើនឹងស្រុកមួយ។
ការកើនឡើងនូវទីប្រជុំជន នឹងធ្វើឲ្យមានតម្រូវការដីធ្លីសម្រាប់សាងសង់ផ្ទះ ហាង ទីតាំងអាជីវកម្មនានាផងដែរ។
តើតម្រូវការដី និងតម្លៃដីធ្លីនឹងកើនឡើងឆាប់ៗឬទេ៕
តម្រូវការដីធ្លីអាចនឹងបន្តកើនឡើង ស្របតាមស្ថានភាពនៃមូលដ្ឋាននិមួយៗ ក្នុងករណី ដូចជា ការរីកធំនៃទីប្រជុំជន ប៉ុន្តែតម្លៃ ទំនងជាមិនកើនឡើងលឿននោះឡើយ ហេតុផលដោយសារ ទី១ មិនមានលំហូរទុនវិនិយោគធំៗ ពីបរទេសចូលមកក្នុងវិស័យអចលនទ្រព្យ និងសំណង់ ទី២ លំហូរទុនក្នុងស្រុក ក៏កំពុងជួបបញ្ហាខ្លះៗផងដែរ ដោយអ្នកមានធនធានធំៗ ភាគច្រើនពួកគេ ក៏បានផ្អាកគំរោង ឬចាប់ផ្តើមអភិវឌ្ឍន៍គំរោងថ្មីផងដែរ។
ទី៣ ធនាគារក្នុងស្រុកក៏បានផ្អាក ឬរឹតបន្តឹងកាន់តែខ្លាំងមកលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសមួយនេះ ទី៤ អ្នកមានធនធានជាច្រើន ពិសេសអ្នកមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ បានធ្លាក់ចំណូល និងផុងក្នុងបំណុល ហើយអ្នកមានចំណូលមធ្យមកម្រិតទាបមួយចំនួន ក៏បានធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រផងដែរ ក្នុងវិបត្តិរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ផលចំណេញពីការវិនិយោគធ្លាក់ចុះ
មុននឹងវិនិយោគអ្វីមួយ អ្នកវិនិយោគឆ្លាតវៃពួកគេតែងសិក្សាលើ “ផលចំណេញពីការវិនិយោគ”ជាចម្បង ប្រសិនជាប្រទេសនោះ មានស្ថេរភាពនយោបាយរ៉ឹងមាំ និងមានមូលដ្ឋានច្បាប់ និងពន្ឋល្អប្រសើររួចហើយនោះ។
ជាក់ស្តែងកម្ពុជា ជាប្រទេសមួយពោរពេញដោយការបើកចំហរ ដែលអនុញ្ញាត្តឲ្យជនបរទេស អាចបង្វិលប្រាក់ចំណេញចេញដោយគ្មានឧបសគ្គ អាចបើកក្រុមហ៊ុនមានទុនវិនិយោគ១០០ភាគរយ ដោយខ្លួនឯង មានច្បាប់ពន្ឋប្រសើរ និងមានមូលដ្ឋានលើកទឹកចិត្តអ្នកវិនិយោគជាច្រើនទៀត។
ប៉ុន្តែការផ្គត់ផ្គង់លើសតម្រូវការរបស់ខុនដូ លំនៅដ្ឋាន និងការវិនិយោគលើដីធ្លីបែបពពុះសាប៊ូ បាននិងកំពុងធ្វើឲ្យទីផ្សារនេះមានសភាពយឺតយ៉ាវ និងទទួលបានផលចំណេញតិចួចពីការវិនិយោគ ដែលអ្នកទិញខុនដូភាគច្រើន រកភ្ញៀវជួលមិនបាន អ្នកទិញផ្ទះមួយចំនួនមិនអាចលក់ចេញ និងជួលមិនបានសមនឹងតម្លៃដែលខ្លួនទិញជាដើម៕
