ដោយៈ គង់ សូរិយា
ព្រៃវែងៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ជាថ្មី ក្នុងការប្តេជ្ញាចិត្ត ក្នុងការការពារអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តឈើកាច់បាភ្នំ ដោយមានអនុញ្ញាតឱ្យមានការធ្វើអាជីវកម្ម យកថ្មចេញពីតំបន់អភិរក្សនោះទេ។
ដោយៈ គង់ សូរិយា
ព្រៃវែងៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ជាថ្មី ក្នុងការប្តេជ្ញាចិត្ត ក្នុងការការពារអភិរក្សរមណីយដ្ឋានប្រវត្តិសាស្រ្តឈើកាច់បាភ្នំ ដោយមានអនុញ្ញាតឱ្យមានការធ្វើអាជីវកម្ម យកថ្មចេញពីតំបន់អភិរក្សនោះទេ។
នេះជាការបញ្ជាក់របស់លោករដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល លោកកែវ រតនៈ។
ព័ត៌មាននេះត្រូវបានលើកឡើង បន្ទាប់ពីសារព័ត៌មានមួយចំនួន បានបន្តផ្សព្វផ្សាយព័ត៌មានមិនពិតថា មានការអនុញ្ញាតឱ្យធ្វើអាជីវកម្មយកថ្ម បំផ្លាញរមណីយដ្ឋានប្រត្តិសាស្ត្រភ្នំឈើកាច់បាភ្នំ។
លោកបញ្ជាក់ថា ការដ្ឋានយកថ្មសំណង់ គឺស្ថិតនៅតំបន់ភ្នំស្វាយសាមសិប ដែលជាភ្នំតូចមួយ មានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រ ពីតំបន់អភិរក្សឈើកាច់បាភ្នំ។
លោករដ្ឋមន្ត្រី កែវ រតនៈ បានរៀបរាប់ថា តាមឯកសារប្រវត្តិសាស្ត្រ តំបន់ភ្នំស្វាយសាមសិប (ភ្នំតូចមួយ) ដែលនៅចំណាយប្រមាណ ៣គីឡូម៉ែត្រ ពីរមណីដ្ឋានឈើកាច់បាភ្នំ គឺគេយកថ្មតាំងតែពីជំនាន់ដើមមក (ជំនាន់បារាំង) យូរមកហើយមកដល់បច្ចុប្បន្ន ដោយសារតែនៅខេត្តព្រៃវែង ខេត្តស្វាយរៀង និងផ្នែកខ្លះនៃស្រុកលើកដែក ខេត្តកណ្តាល អត់មានភ្នំយកថ្មសំណង់បានទេ ដូច្នេះមានតែយកថ្មពីភ្នំតូចមួយ ដែលនៅជិតនឹងភ្នំឈើកាច់បាភ្នំ ព្រោះបើមិនយកថ្មចេញពីភ្នំនេះទេ គឺការសាងសង់ផ្ទះ ធ្វើផ្លូវ សាលារៀន មន្ទីរពេទ្យក្នុងខេត្តព្រវែង និងស្វាយរៀង ត្រូវដឹកថ្មពីខេត្តកំពង់ចាម ឬពីខេត្តកំពង់ស្ពឺ ដែលមានថ្លៃខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ការអភិវឌ្ឍនៃខេត្តទាំងពីរ។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ចំពោះរមណីដ្ឋានឈើកាច់បាភ្នំ ត្រូវបានរាជរដ្ឋាភិបាល ដែលកាលនោះសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី តាមសំណើររបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋមន្ត្រីវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចចេញអនុក្រឹត្យ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ កំណត់តំបន់រមណីយដ្ឋានឈើកាច់បាភ្នំ ជាតំបន់អភិរក្ស មិនអនុញ្ញាតឱ្យមានការប៉ះពាល់នោះទេ។
លោកបញ្ជាក់ថា តំបន់ភ្នំនៅរមណីយដ្ឋានឈើកាច់បាភ្នំ បានកំណត់ក្នុងអនុក្រឹត្យចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣រួចហើយ គ្មានការផ្តល់អាជ្ញាបណ្ណណាមួយ ឱ្យធ្វើអាជីវកម្មក្នុងដែនអភិរក្ស ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្ររបស់យើងទេ។ ចំពោះតំបន់ភ្នំតូច ដែលធ្លាប់ធ្វើអាជីវកម្ម តាំងពីជំនាន់បារាំង រហូតមកដល់បច្ចុប្បន្ននេះ ដែលយកថ្មមកបម្រើការអភិវឌ្ឍរបស់ខេត្តព្រៃវែង ស្វាយរៀង និងមួយចំណែកនៃខេត្តកណ្តាល គឺជាតំបន់ដែលមានចម្ងាយប្រមាណ ៣គីឡូម៉ែត្រ ពីភ្នំដែលយើងអភិរក្ស តាមអនុក្រឹត្យលេខ២២៤ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដូច្នេះតំបន់ទាំងពីរនេះ គឺមានការដាច់ស្រឡះពីគ្នា ហើយនៅចំកណ្តាលនៃភ្នំទាំងពីរ គឺមានទីតាំងឈរជើងរបស់យោធា។
លោករដ្ឋមន្ត្រីបញ្ជាក់ថា “ការបង្ហោះព័ត៌មានដែលថា ការដ្ឋានវាយថ្ម យកថ្មចេញពីរមណីយដ្ឋានឈើកាច់បាភ្នំ ដែលជាកន្លែងអភិរក្សប្រត្តិសាស្ត្រ គឺជាការលើកឡើងមិនត្រឹមត្រូវ”។ លោកបន្តថា “ជាមួយគ្នានេះ លោករដ្ឋមន្ត្រី លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលចង់ដឹង រួមទាំងអ្នកសារព័ត៌មានដែលចាប់អារម្មណ៍ អាចចុះទៅកាន់ទីតាំងភ្នំទាំងពីរនេះដោយផ្ទាល់ អាចសួរនាំប្រជាពលរដ្ឋក្នុងតំបន់នោះក៏បាន”។
លោកកែវ រតនៈ បញ្ជាក់ទៀតថា នៅក្នុងអាណត្តិដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់សំខាន់ណាស់ ក្នុងការថែរក្សាធនធានធម្មជាតិ សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រ និងបានថ្លឹងថ្លែងឱ្យមានតុល្យភាព រវាងការអភិវឌ្ឍ និងការអភិរក្ស។ ដោយលោកបានលើកជាឧទាហរណ៍ នៃការសម្រេចរបស់សម្តេចបវរធិបតីថា សម្តេចបានបញ្ឈប់ការផ្តល់អាជ្ញាបណ្ណរុករករ៉ែ នៅតំបន់ព្រៃឡង់ទៀតហើយ ពិសេសថ្មីៗកន្លងទៅនេះ សម្តេចក៏បានលុបចោលអាជ្ញាបណ្ណយកថ្មកំបោ នៅតំបន់ភ្នំកំពង់ត្រាច ក្នុងខេត្តកំពត ផងដែរ ដើម្បីអភិរក្សជាតំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍។
លោករដ្ឋមន្ត្រីបន្ថែមថា ចំពោះតំបន់អភិរក្សឈើកាច់បាភ្នំ សម្តេចបវរធិបតី បានប្តេជ្ញាការពារឱ្យបានទាំងពេលបច្ចុប្បន្ន និងពេលអនាគត គឺមិនមានការយកទៅអភិវឌ្ឍន៍អ្វីទាំងអស់៕