ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខេត្តក្រុងចំនួន៤ ដែលអ្នកជំនាញបញ្ជាក់ប្រាប់ថា មានសន្ទុះកើនឡើងយ៉ាងខ្លាំងនៅក្នុងវិស័យ ទិញ - លក់ ដីធ្លីនាពេលបច្ចុប្បន្ននេះ គឺរួមមាន រាជធានីភ្នំពេញ, ខេត្តសៀមរាប ,ខេត្តកំពត និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានប្រាប់តាមរយៈទូរស័ព្ទកាលពីព្រឹកថ្ងៃទី១១ ខែមេសា នេះថា បើសម្លឹងមើលពីទិដ្ឋភាពជាក់ស្ដែងនៅលើទីផ្សារ ទិញ-លក់ វិស័យដីធ្លីគឺមានភាពល្អប្រសើរ។ អ្នកនាងបានបញ្ជាក់ទៀតថា ៖ «ចរន្តនៃការទិញ - លក់ ដីធ្លី នៅដើមឆ្នាំ ២០១៩ នេះគឺមានការកើនឡើងច្រើន ប៉ុន្តែក៏អាស្រ័យទៅតាមតំបន់ដែរ ដូចជានៅរាជធានីភ្នំពេញ មានតំបន់ ING , នៅតាមផ្លូវ ៦០ ម៉ែត្រ និងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាដើម ដោយសារតែហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានកើតមានយ៉ាងឆាប់រហ័ស ដែលអាចធ្វើឱ្យតម្លៃអចលនទ្រព្យ និងវិស័យដីធ្លីមានការកើនឡើងលឿន ដែលអាចធ្វើឱ្យបណ្តាអ្នកវិនិយោគនានាសម្លឹងឃើញពីឱកាសទទួលបានប្រាក់ចំណេញ»។
លោក ចៅ សេងថៃ អគ្គនាយកក្រុមហ៊ុន Goal Property Service Co., Ltd. បានមានប្រសាសន៍ឱ្យដឹងថា តម្លៃដីធ្លីក្នុងក្រុងសៀមរាប និងបណ្តាតំបន់ជុំវិញផ្លូវក្រវ៉ាត់ក្រុងបានកើនឡើងខ្លាំង ដោយសារគម្រោងវិនិយោគជាច្រើនបានចាប់ ផ្តើម ហើយលំហូរវិនិយោគចិន អ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិដទៃទៀតបានចូលមកកាន់តែច្រើនធៀបនឹងបណ្តាប៉ុន្មានឆ្នាំមុន។ លោកបន្តថា ការមកដល់នៃផ្សារ MAKRO ការសាងសង់ព្រលានយន្តហោះអន្តរជាតិនៅស្រុកសូទ្រនិគម និងគំរោងធំៗដទៃទៀតនឹងធ្វើឱ្យខេត្តសៀមរាប កាន់តែរីកចម្រើននាពេលអនាគត។ ការវិនិយោគលើវិស័យដីធ្លី ក៏ដូចជាការអភិវឌ្ឍលើវិស័យលំនៅដ្ឋានខ្នាតតូច និងមធ្យមហាក់មានភាពខុសប្លែកកាលពីឆ្នាំមុនបន្តិច។
ដែលអ្នកវិនិយោគទាំងនោះភាគច្រើនបានបង្វែរគោលដៅរបស់ខ្លួនមកកាន់តំបន់ជិត ឬគៀកនឹងក្រុងសៀមរាប ដែលជំរុញឱ្យតម្លៃដីនៅលើទីផ្សារកើនឡើងជាងឆ្នាំមុន រហូតដល់ជាង៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដែលដីនៅកណ្តាលក្រុង មានតម្លៃចន្លោះពីជាង ២០០០ដុល្លារ។ ចំណែកឯតម្លៃដីនៅតំបន់ផបស្ទ្រីត ឡើងរហូតដល់ចន្លោះ៣៥០០- ៥០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក ចៅ សេងថៃ បានបញ្ជាក់ឱ្យដឹងទៀតថា «ឥឡូវនេះ អ្នកវិនិយោគគាត់ងាកមកចាប់អារម្មណ៍នៅតំបន់គៀកៗក្រុងវិញ ហើយក៏មិនសូវវិនិយោគក្នុងរូបភាពធំទូលាយដូចមុននោះដែរ ព្រោះថា ការវិនិយោគបែបនេះងាយស្រួលលក់ចេញ ងាយទទួលបានចំណេញក្នុងរយៈពេលខ្លី ហើយអ្នកអភិវឌ្ឍភាគច្រើនពួកគេវិនិយោគទៅលើសំណង់សណ្ឋាគារ ផ្ទះ សំណាក់ ជាដើម ដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ប៉ុន្តែបើអ្នកដែលវិនិយោគលើវិស័យដីធ្លីក្នុងទ្រង់ទ្រាយធំ គឺនៅមានក្នុងតំបន់គម្រោងសាងសង់ព្រលានយន្តហោះថ្មីដដែលស្ថិតក្នុងស្រុកសូទ្រនិគម ជាពិសេសតំបន់ស្វាយធំ ដែលស្ថិតនៅក្នុងឃុំកណ្តែក ស្រុកប្រាសាទបាគង»។
ដោយឡែក ចំពោះសកម្មភាពនៃការទិញ - លក់ ដីធ្លីនៅក្នុងខេត្តកំពតវិញ ត្រូវបានលោកស្រី តាំង ហួរ នាយិកា ក្រុមហ៊ុន AMATAK Property Service បញ្ជាក់ប្រាប់ថា បច្ចុប្បន្ននេះឃើញមានក្រុមហ៊ុនអភិវឌ្ឍជាតិ និងអន្តរជាតិ បានចាប់ផ្តើមចូលទៅធ្វើសកម្មភាពលើផ្នែកអចលនទ្រព្យជាបណ្តើរៗហើយ។ អ្នកស្រីបានលើកឡើងថា ៖ «នៅក្នុងខេត្តកំពត គឺមានគម្រោងជាច្រើនដែលកំពុងត្រូវបានអ្នកជំនាញ និងអ្នកវិនិយោគកំពុងតែសិក្សាពីលទ្ធភាព និងឱកាសក្នុងការអភិវឌ្ឍ ដោយក្នុងនោះរួមមានផ្នែកមណ្ឌលកម្សាន្ត, សណ្ឋាគារ, ក៏ដូចជា កាស៊ីណូ ជាដើម។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះមានក្រុមហ៊ុនជប៉ុនមួយបានចាប់ផ្តើមចាក់បេតុងបុកគ្រឹះផ្តើមដំណើរការសាងសង់សណ្ឋាគារកម្រិតផ្កាយ៥ ដែលមានទីតាំងស្ថិតក្បែរតំបន់ជាប់មាត់ព្រែក»។ អ្នកស្រីបានមានប្រសាសន៍បន្តទៀតថា ៖ «ជាមួយនឹងសកម្មភាព និងវត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យទាំងអស់នេះបានជម្រុញឱ្យតម្លៃដីនៅតំបន់សំខាន់ៗ និងសក្ដានុពលមួយចំនួនក្នុងខេត្តកំពត ដូចជាតំបន់ជាប់មាត់សមុទ្រ តំបន់ភ្នំ និងតំបន់ជាប់មាត់ព្រែក មានការកើនឡើងប្រមាណ២០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ ដោយឡែកចំពោះតំបន់ផ្សេងទៀតហាក់មានកម្រិតធម្មតាមិនទាន់មានការប្រែប្រួលច្រើននោះទេ»។
ពាក់ព័ន្ធទៅនឹងចរន្តនៃតម្លៃដី និងតម្រូវការទីផ្សារនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវិញ បច្ចុប្បន្ននេះក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

លោក សួង សុខហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Fourth Stars Plus Fourដែលមានគំរោងវិនិយោគជាច្រើននៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឱ្យដឹងតាមរយៈទូរស័ព្ទថា បច្ចុប្បន្នក្រុងប៉ោយប៉ែតកំពុងជួបប្រទះបន្ទប់ជួល និងបន្ទប់ស្នាក់នៅយ៉ាងខ្លាំង ធ្វើឱ្យតម្លៃបន្ទប់ជួលទំហំ៤គុណនឹង៦ម៉ែត្រ បានកើនពីតម្លៃ ២០០០បាត ដល់១២០០០បាត។ លោកបន្តថា «តម្លៃដីធ្លីមិនកើនដូចនៅក្រុងព្រះសីហនុទេ តែតម្លៃបន្ទប់ជួលបានកើន ឡើងជាងក្រុងព្រះសីហនុ ហេតុនេះខ្ញុំអំពាវនាវឱ្យអ្នកវិនិយោគជាតិ អន្តរជាតិចូលមកវិនិយោគនៅទីក្រុងនេះឱ្យបានច្រើន»។
លោកបន្តថា «បច្ចុប្បន្នជនជាតិចិនដែលបានមកវិនិយោគ និងធ្វើការនៅក្រុងប៉ោយប៉ែត បានចេញទៅរកផ្ទះជួលចម្ងាយ១០ទៅ១៥គីឡូម៉ែត្រពីក្រុងប៉ោយប៉ែត ដោយសារតែគ្មានជម្រើស»។ លោក សួង សុខហ៊ាងបានបន្តថា «អ្នកមានផ្ទះល្វែងជួលកាលពីមុនជួលបាន១៥០ដុល្លារក្នុងមួយខែ តែបច្ចុប្បន្នជួលបានតម្លៃចន្លោះ១០០០ទៅ១៥០០ដុល្លារក្នុងមួយខែ» ៕






