ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមអ្នកវិភាគរំពឹងថា ឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជានឹងសម្រេចបានកំណើនចំនួន៦,៨ភាគរយនៅឆ្នាំ២០២៥ ដោយសារសន្ទុះនៃការវិនិយោគលើគម្រោងឧស្សាហកម្ម ការដឹកជញ្ជូន អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន៣៤៦ ដែលមានទំហំទឹកប្រាក់ចំនួន២៣ពាន់លានដុល្លារអាមេរិកកាលពីរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៤កន្លងទៅ។
គម្រោងវិនិយោគថ្មីទាំងនេះផ្តោតលើផ្នែកមួយចំនួនរួមមានដូចជាការអភិវឌ្ឍន៍សណ្ឋាគារ ថាមពលវារីអគ្គិសនី កំពង់ផែទឹកសាប រោងចក្រថាមពលពន្លឺព្រះអាទិត្យ រោងចក្រគ្រឿងបន្លាស់ សួនកម្សាន្ត និងរោងចក្រផលិតសំបកកង់រថយន្តជាដើម។
-->

ជាមួយគ្នានោះ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងច្បាប់វិនិយោគរបស់កម្ពុជា ជាកត្តាសំខាន់ក្នុងការទាក់ទាញលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកកាន់ប្រទេសកម្ពុជា។
ម៉្យាងវិញទៀត រដ្ឋាភិបាលកម្ពុជាបានអនុម័តទៅលើសេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២៥ ក្នុងទំហំទឹកប្រាក់ប្រមាណ៩,៣ពាន់លានដុល្លារ។
រដ្ឋាភិបាលគ្រោងវិភាជន៍ថវិកានេះដើម្បីបោះទុនវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ស្ថាប័ន ព្រមទាំងផ្តោតលើការលើកកម្ពស់សេវាសាធារណៈក្នុងវិស័យអប់រំ និងថែទាំសុខភាព។

ក្រុមអ្នកវិភាគរំពឹងថា ឧស្សាហកម្មសំណង់នៅកម្ពុជានឹងសម្រេចកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧,៣ភាគរយចន្លោះពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ដែលគាំទ្រដោយកំណើននៃការវិនិយោគតាមរយៈផែនការមេសម្រាប់ប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កម្ពុជាចាប់ពីឆ្នាំ២០២៣រហូតដល់ឆ្នាំ២០៣៣។
ផែនការមេនេអបានកំណត់គម្រោងអាទិភាពចំនួន១៧៤ រួមមានគម្រោងផ្លូវចំនួន៩៤ខ្សែ គម្រោងដឹកជញ្ជូនតាមដងទន្លេចំនួន២៣ គម្រោងដឹកជញ្ជូនតាមផ្លូវសមុទ្រចំនួន២០ គម្រោងប្រព័ន្ធភស្តុភារចំនួន១៥ គម្រោងដឹកជញ្ជូនតាមផ្លូវអាកាសចំនួន១០ គម្រោងផ្លូវដែកចំនួន៨ និងគម្រោងបន្ថែមចំនួន៤ ផ្សេងទៀត៕ប្រភព: Yahoo Finance៕
