សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានថ្លែងថា ខេត្តព្រះសីហនុ ជាខេត្តសក្ដានុពលមួយ ដែលត្រូវការការកសាងជាបន្តទៅមុខទៀតជានិច្ច ខណៈខេត្តនេះ គឺជាខេត្តនាំមុខគេ ដែលមានកំពង់ផែទឹកជ្រៅ។ សម្តេចធិបតី បានថ្លែងបែបនេះ នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ គឺមានសមត្ថភាពទទួលការចូលចត របស់នាវាដឹកទំនិញធំៗលើពិភពលោក អាចចូលចតបានស្ទើរតែ១០០% នៅក្នុងឆ្នាំ២០២៩។ ជាពិសេសកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ចំនួន ១លាន TEUs ជាលើកដំបូង នេះជាមោទនភាពណាស់សម្រាប់កម្ពុជា។