ដោយៈ គង់ សូរិយា
ភ្នំពេញៈ ផ្តើមចេញពីការរៀបចំដែនដី នគរូបនីយកម្ម ក្រសួងរៀបចំដែនដីកំពុងធ្វើកិច្ចការជាច្រើន ដើម្បីលើកកំពស់វុបុលភាព និងគំនិតជាតិនិយម។
លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៧ មិនាថា នេះជាពេលវេលាសម្រាប់តម្រង់ទិស របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លើការកំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លងនេះ ក្នុងការធ្វើកិច្ចការនគរូបនីយកម្ម ដែលជានិមិត្តរូបនៃការរីកលូតលាស់ និងការរស់រានមានជីវិតរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ការគាំទ្រក្នុង “គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម”នេះ។
លោកសាយ សំអាល់បានបញ្ជាក់ថា គម្រោងនេះ បានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការចំនួន២សំខាន់ គឺ៖ ការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះគំនិតឱ្យប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់ អត្តសញ្ញាណរបស់ជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា៕