ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យក្រុមហ៊ុន SUPERIOR INFLATABLES (CAMBODIA) CO.,LTD.មានទុន ២,៩លានដុល្លារបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់ក្មេងលេងគ្រប់ប្រភេទនៅខេត្តកំពង់ស្ពឺ។
យោងតាមការចុះផ្សាយរបស់គេហទំព័រហ្វេសបុកផ្លូវការរបស់ CDC កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៩ ម្សិលមិញនេះថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់ក្មេងលេងគ្រប់ប្រភេទ របស់ក្រុមហ៊ុន “SUPERIOR INFLATABLES (CAMBODIA) CO.,LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងអាចបង្កើតការងារបានចំនួន ២៤១កន្លែង។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺធ្លាប់បានប្រាប់គេហទំព័រ propertyaea.asia កន្លងមកថា នាពេលបច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បាននិងកំពុងពង្រីកវិសាលភាពផ្នែកសេដ្ឋកិច្ច បានកាន់តែប្រសើរជាងមុន ពោលគឺមានការរីកចម្រើនយ៉ាងខ្លាំងទៅលើការវិនិយោគក្នុងរូបភាពជារោងចក្រ សហគ្រាសធំៗ ជាច្រើនទីតាំង។
លោកបានសម្ដែងការសាទរផងដែរថា ជាមួយនឹងកំណើននៃចំនួនរោងចក្រ សហគ្រាស ក៏ដូចជាសិប្បកម្មនានា ដែលកំពុងមានសកម្មភាពនាពេលបច្ចុ ប្បន្ននេះ វាពិតជាមានសារសំខាន់បំផុត ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកចំណាកស្រុកមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ ។

ជាមួយគ្នានេះ លោក វ៉ី សំណាង ថា ក្នុងនាមលោកជាអជ្ញាធរ និងជាអភិបាលនៅក្នុងខេត្តកំពង់ស្ពឺ លោកបានបង្ហាញពីកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបណ្តាអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ ដែលមានបំណងមកបណ្តាក់ទុន ដោយដាក់ទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ យ៉ាងរីករាយ ជាមួយនឹងការយកចិត្តទុកដាក់ ក្នុងការចូលរួមចំណែកសម្រួល ផ្តល់សេវាសាធារណៈងាយស្រួលផងដែរ៕






