ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំគណៈកម្មការ ត្រៀមរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះដឹកនាំដោយលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណ:កម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ត្រៀមរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំពិធីសម្ពោធ មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ផងដែរ ។
កិច្ចប្រជុំធ្វើឡើងដើម្បីពិនិត្យទៅលើវឌ្ឈនភាព នៃការរៀបចំរបស់អនុគណៈកម្មការទទួលបន្ទុកនីមួយៗ ដែលបានត្រូវចាត់តាំងឱ្យបំពេញភារកិច្ចរៀងៗខ្លួន សំដៅធានាឱ្យដំណើរការរៀបចំពិធីសម្ពោធប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលខ្ពស់តាមផែនការ ដែលបានគ្រោងទុក។
គម្រោងសាងសង់ផ្លូវជាតិលេខ៧១សេ មានប្រវែងសរុប ១១៤,៩៩គីឡូម៉ែត្រ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕