ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលគ្រោងនឹងរៀបចំសួនច្បារ នៅតាមតំបន់ទីប្រជុំជនសំខាន់ៗ ដើម្បីលើកកំពស់សោភ័ណភាពផង និងលើកស្ទួយសុខមាលភាពប្រជាពរដ្ឋផង។
ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាន និងកំពុងឲ្យក្រុមការងារអន្តរក្រសួង ដើម្បីពិភាក្សាពីផែនការចំណាយ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំងអស់នេះ។
មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចូលរួមកិច្ចប្រជុំទាក់ទងនឹងបញ្ហានេះ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹង ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ស្របពេលជំងឺមិនឆ្លងកំពុងកើនឡើងនៅកម្ពុជា រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់លើសុខមាលភាពសង្គម តាមរយៈការវិភាគជន៍ថវិកាជាតិមួយចំនួន ដើម្បីកសាងហេដ្ឋារចនាសាធារណៈសម្ព័ន្ឋនានា។
លោកបន្តថា “បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាប្រមាណ១លាននាក់ បាននិងកំពុងកើតជំងឺទឹកនោមផ្អែម ដែលពួកគាត់ត្រូវចំណាយប្រាក់ប្រមាណ៥០លានដុល្លារ ដើម្បីពិនិត្យ និងថែរទាំសុខភាពរបស់ពួកគាត់”។ លោកបន្តថា “នេះជាជំងឺមិនឆ្លងទឹកនោមផ្អែម ដោយមិនគិតពីជំងឺលើសម្ពាធឈាម និងជំងឺដៃទៀតឡើយ”។
មន្រ្តីដដែលបានបន្តថា រដ្ឋាភិបាលគ្រោងកាត់បន្ថយការចំណាយ និងលើកកំពស់សុខមាលភាពប្រជាពលរដ្ឋ ដែលឲ្យពួកគេមានកន្លែងលំហែរ ហាត់ប្រាណ នឹងធ្វើឲ្យពួកគេកាត់បន្ថយជំងឺទាំងនោះ និងកាត់បន្ថយបញ្ហាសុខភាពបន្ថែមទៀត ហេតុនេះការវិនិយោគមួយឆ្នាំត្រឹម៥០លានដុល្លារពីរដ្ឋាភិបាល មិនមានអ្វីជាបញ្ហាឡើយ៕