មន្រ្តីជាន់ខ្ពស់បើកកិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជនកម្ពុជា- សហភាពអឺរ៉ុប

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham) ដែលទើបចូលកាន់តំណែង បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប ដោយមានការចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC) វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈ ដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទ ជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអឺរ៉ុប។

ប្រធានបទទាំងនោះរួមមាន ជាអាទិ៍៖ (១)ការដឹកជញ្ជូន និងភស្តុភារកម្ម (២)កត្តាជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង និងបទប្បញ្ញត្តិនានា(៣) វិស័យយានយន្ត(៤) នីតិវិធីពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ (៥) ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគ​មន៍យ៉ាងកក់ក្តៅ ជូនចំពោះវត្តមានរបស់ លោកGabriele Faja ដែលទើបចូលកាន់តំណែង ជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រ ក្នុងខែមីនាកន្លងទៅថ្មីៗ ក៏ដូចជាសម្តែងការស្វាគមន៍ ទៅកាន់ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា តំណាងក្រសួងស្ថាប័ន តំណាងវិស័យឯកជនអឺរ៉ុប ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ។

លោកឧបនាយករដ្ឋមន្រ្តីបានជម្រាបជូនអំពី កំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ ក.អ.ក. ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញ ពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោ​បាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះ ជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យនៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ(Investment Roadshow) ទៅកាន់សហភាពអឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។

ជាមួយគ្នានេះ ពួកគេក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

តំណាងវិនិយោគិនអឺរ៉ុបរំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានជាលំដាប់ ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ថែមមួយកម្រិតទៀតផងដែរ។

ជាមួយគ្នានេះ លោក Tassilo Brinzer អតីតប្រធាន EuroCham កាលពីអាណត្តិមុន បានយកវេទិកានេះគោរពថ្លែងអំណរគុណ ទៅដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធពីគ្រប់ក្រសួងស្ថានប័ន ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដើម្បីដោះស្រាយនូវបញ្ហានានា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការដ៏រហ័ស គួបផ្សំនឹងជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here