ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញ៖ អ្នកជំនាញអលចនទ្រព្យបានឲ្យដឹងថា ខេត្តកោះកុងនាពេលបច្ចុប្បន្ននេះ កំពុងតែមានសក្តានុពលខ្ពស់ចំពោះសេដ្ឋកិច្ច និងទៅខាងមុខទៀតក៏នៅតែមានសក្តានុពលដោយសាតែខេត្តនេះនឹងមានព្រលានយន្តហោះអន្តរជាតិ និងគម្រោងធំៗជាច្រើនបាននឹងកំពុងកើតឡើងនៅទីនោះ។

លោកច្រឹកសុខ នីម ប្រធានសមាគមន៍អ្នកវាយតម្លៃអចលនវត្ថុកម្ពុជានៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០១៩ នេះ នៅពេលណាលំហូរវិនិយោគបរទេសចូលទៅទីនោះកាន់តែច្រើននៅក្នុងខេត្តកោះកុងដែលជាខេត្តមាត់សមុទ្រមួយនេះនឹងធ្វើឲ្យតម្លៃដីក៏មានតម្លៃថ្លៃដូចខេត្តព្រះសីហនុជាដើម ពោលគឺតម្លៃដីធ្លីនៅក្នុងខេត្តនេះនាពេលបច្ចុប្បន្ន មានតម្លៃចាប់ពី ៣០០ ទៅ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េទៅតាមប្រភេទដី និងទីតាំងរបស់វា។
ខេត្តកោះកុងដែលនៅដាច់ស្រយាលជាងគេ បាននិងកំពុងមានសក្តានុពលលេចធ្លោជាច្រើនដែលបាននិងកំពុងសាងសង់នូវហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥នោះ រួមមាន ទី១ ព្រលានយន្តហោះលំដាប់អន្តរជាតិនៅប្រជុំកោះស្តេច ស្ថិតនៅក្នុងស្រុកតារាសាគរ (កំពុងសាងសង់) ទី២ កំពង់ផែទឹកជ្រៅនៅប្រជុំកោះស្តេច (កំពុងសាងសង់) ទី៣ ការពង្រីកផ្លូវជាតិលេខ៤៨ ជា ៤គន្លង នាពេលអនាគត ទី៤ ការសាងសង់ផ្លូវមួយខ្សែចេញពីតំបន់សំឡូតក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ទី៥ តំបន់ស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ដែលមានច្រកអន្តរជាតិ ដែលតភ្ជាប់រវាងប្រទេសទាំងពីរ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងការតភ្ជាប់ពាណិជ្ជកម្ម។
បច្ចុប្បន្នក្រុមហ៊ុន Union Development Group បាននិងកំពុងវិនិយោគលើផ្ទៃដីជាង៣៦ពាន់ហិកតានៅក្នុងស្រុកគិរីសាគរ និងបុទុមសាគរក្នុងខេត្តនេះ ដែលគំរោងវិនិយោគនេះបាននិងកំពុងផ្លាស់ប្តូរមុខមាត់ខេត្តនេះយ៉ាងសំបើម។
អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកយិន លាងគង់បានមានប្រសាសន៍ថា បញ្ហាផ្លូវឆ្ងាយបន្តិចលែងជាបញ្ហាទៀតហើយ ដោយសារ ការសាងសង់ព្រលានយន្តហោះក្នុងខេត្តនេះ ដែលបច្ចុប្បន្នគំរោង១ កំពុងសាងសង់ និងគម្រោងរបស់ក្រុមហ៊ុន Bangkok Airway បានទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលហើយ ដើម្បីវិនិយោគព្រលានយន្តហោះនៅក្នុងខេត្ត។
លោកបន្តថា កំនើននៃការវិនិយោគនឹងធ្វើឲ្យខេត្តកោះកុងក្លាយជាតារាថ្មីមួយនៃតំបន់ K4 កម្ពុជា ដូចការប្រសិទ្ឋនាមរបស់សម្តេចតេជោថា”តំបន់ឆ្នេរជាតារារះនាទិសនារតី”។
លោកបន្តថា “បច្ចុប្បន្នអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិបាននិងកំពុងសម្លឹងនិងពង្រីកសក្តានុពលក្នុងខេត្តនេះ ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើងយ៉ាងខ្លាំង”។ លោកបន្ថែមថា “ខ្ញុំជឿថាខេត្តកោះកុង នឹងមានការរីកចម្រើនខ្លាំងក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ ដោយសារការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋនានារបស់រដ្ឋាភិបាល និងការវិនិយោគពីវិស័យឯកជន”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ខេត្តកោះកុងមានសក្តានុពលខ្លាំងណាស់សំរាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដោយសារខេត្តនេះមានធនធានធម្មជាតិច្រើន ដែលមិនទាន់ទាញយកមកប្រើប្រាស់អស់សក្តានុពលនៅឡើយ។
លោកស្រីបន្តថា ហេតុនេះក្រោយការសាងសង់ព្រលានយន្តហោះចប់ ខេត្តនេះនឹងទទួលការរីកចម្រើនបន្ថែមទៀត ទាំងវិស័យទេសចរណ៍ និង ពាណិជ្ជកម្ម”។

លោកស្រីបន្តថា “ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្តនេះនឹងធ្វើឲ្យវិស័យអាកាសចរណ៍កម្ពុជាកាន់តែមានការរីកចម្រើន ហើយក្រុមហ៊ុនវិនិយោគនេះនឹងទាក់ទាញអាកាសចរណ៍ថ្មីៗឲ្យហោះត្រង់មកកម្ពុជាកាន់តែច្រើន”៕






