ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលរបស់ប្រទេសថៃគ្រោងនឹងដាក់ចេញវិធានការលើកទឹកចិត្តមួយចំនួនបន្ថែមទៀត ដូចជាការកាត់បន្ថយថ្លៃសេវាចុះបញ្ជី និងថ្លៃផ្ទេរកម្មសិទិ្ធអចលនទ្រព្យ ដើម្បីស្ដារវិស័យអចលនទ្រព្យថៃ ដែលកំពុងជួបប្រទះការផ្គត់ផ្គង់លើសតម្រូវការ។
ចំណាត់ការនេះបានធ្វើឡើង ខណៈដែលប្រជាជនថៃ និងជនបរទេសកាន់តែច្រើន មានការប្រុងប្រយ័ត្ មុនពេលសម្រេចចិត្តទិញខុនដូ បន្ទាប់ពីមហន្តរាយគ្រោះរញ្ជួយដីកាលពីខែមុន បានធ្វើឱ្យអគារខ្ពស់ៗរាប់ពាន់ខ្នងក្នុងរាជធានីបាងកកស្រុតដួលរលំ។ការណ៍នេះបានជះផលប៉ះពាល់ដល់ទំនុកចិត្តអ្នកទិញខុនដូ។
គណៈរដ្ឋមន្ត្រីថៃបានអនុម័តកាត់បន្ថយថ្លៃផ្ទេរកម្មសិទ្ធិអចលនទ្រព្យពីចំនួន២ភាគរយមកនៅសល់ត្រឹមតែ០,០១ភាគរយសម្រាប់ការទិញខុនដូ ផ្ទះជាប់ផ្ទាល់ដី(Landed house) អគារពាណិជ្ជកម្ម ដែលមានតម្លៃចាប់ពី២០២.០០០ដុល្លារចុះក្រោម ដែលចូលជាធរមានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំក្រោយ។
-->
ស្របពេលជាមួយគ្នានោះ គណៈរដ្ឋមន្ត្រីថៃក៏បានអនុម័តកាត់បន្ថយថ្លៃសេវាចុះបញ្ជីទ្រព្យបញ្ចាំពីចំនួន១ភាគរយមកនៅសល់ត្រឹម០,០១ភាគរយ សម្រាប់អចលនទ្រព្យដែលមានតម្លៃចាប់ពី២០២.០០០ដុល្លារចុះក្រោមដូចគ្នា។

វិធានការនេះធ្វើឡើង បន្ទាប់ពីធនាគារកណ្តាលថៃ(BoT) កាលពីខែមុនបានធ្វើការបន្ធូរបន្ថយការរឹតបន្តឹងទំហំនៃការផ្តល់ប្រាក់កម្ចីធៀបជាមួយនឹងតម្លៃអចលនទ្រព្យ(LTV) ក្នុងគោលបំណងដើម្បីជំរុញតម្រូវការលំនៅដ្ឋាន។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិធានការកាត់បន្ថយថ្លៃសេវា រួមជាមួយនឹងការបន្ធូរបន្ថយច្បាប់នៃការផ្តល់ប្រាក់កម្ចីនឹងជួយជំរុញទប់ស្កាត់ការដាំក្បាលនៃទីផ្សារអចលនទ្រព្យ”។
បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងតំបន់ទីក្រុងបាងកក បាននិងកំពុងបន្តប្រឈមមុខជាមួយនឹងបញ្ហាលំនៅដ្ឋានដែលលក់មិនដាច់សរុបចំនួន២៣៥.០០០យូនីត គិតត្រឹមចុងឆ្នាំ២០២៤កន្លងទៅ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨។
យោងតាមទិន្នន័យពីសមាគមខុនដូថៃបានឱ្យដឹងថា ការលក់ខុនដូបានដាំក្បាលចុះ៣៧ភាគរយមកនៅត្រឹមប្រហែល៥៣.០០០យូនីតកាលពីឆ្នាំ២០២៤កន្លងទៅ៕ប្រភព: Bloomberg៕
