ដោយៈ គង់ សូរិយា
ភ្នំពេញៈ នៅទីបំផុតការបញ្ចុះបឋាមសិលា សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិនBYD នៅកម្ពុជានឹងចាប់ផ្តើមបើកការសដ្ឋានសាងសង់នាសប្តាហ៍ទី៤ នៃខែមេសានេះ។
ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាត្តជូនគណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដឹកនាំដោយលោក Xiao Haiping នាយកប្រតិបត្តិ នៃទីស្នាក់ការកណ្តាលសម្ព័ន្ធ BYD ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
-->
នៅក្នុងជំនួបនាព្រឹកនេះ គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd បានសម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះកិច្ចសម្របសម្រលនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូង នៃការចូលមកកាន់ទីផ្សារកម្ពុជា រហូតឈានដល់ការត្រៀមរៀបចំ ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រ តម្លើងរថយន្តរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមេសាខាងមុខនេះ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមន្សរីករាយ ចំពោះការជ្រើសរើសកម្ពុជា ជាមូលដ្ឋានតម្លើងរថយន្ត BYD មួយបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកស៊ុន ចាន់ថុលបានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការច្រកចេញ ចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀមលក្ខណៈរួចរាល់ជាស្រេច ក្នុងការសម្របសម្រួលរាល់គ្រប់កិច្ចការងារវិនិយោគ របស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និងអនុគ្រោះបំផុត។
លោកបង្ហាញសុទិដ្ឋនិយមថា បន្ទាប់ពីរោងចក្រតម្លើងរថយន្តបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ៕
