តម្លៃហាងឆេងមាសបានបន្តស្ទុះងើបឡើងថ្លៃនៅថ្ងៃសុក្រនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានបន្តស្ទុះងើបឡើងថ្លៃដល់ជាង៣.២០០ដុល្លារអាមេរិកក្នុងមួយអោនក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ ដោយសារការដាំក្បាលចុះនៃប្រាក់ដុល្លារអាមេរិក និងភាពតានតឹងពាណិជ្ជកម្មចិន-អាមេរិកបានធ្វើឱ្យក្រុមអ្នកវិនិយោគសម្រុកទិញមាស ដើម្បីបង្ការហានិភ័យ។

តួយ៉ាង តម្លៃមាស Spot Gold បានកើនឡើង១,៣៨ភាគរយដល់៣២១៧,៦០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង១,៨៤ភាគរយដល់៣២៣៦,១០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦០,៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានដាំក្បាលចុះមកនៅត្រឹម៩៩,៨៧ពិន្ទុនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០០,៨៧ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានកើនឡើង១,៥ភាគរយដល់៣១,២២ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៦ភាគរយដល់៩៣៤,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៩ភាគរយដល់៩០២,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៦នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here