ដោយ: គង់ លាងហួរ
ភ្នំពេញ: កាសែត AFP របស់ប្រទេសបារាំងបានចុះផ្សាយថា លំហូរវិនិយោគផ្ទាល់មកពីប្រទេសចិនបានជួយប្រែក្លាយទីក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា ដែលធ្លាប់ជាភូមិនេសាទដ៏ស្ងប់ស្ងាត់មួយទៅជាទីក្រុងរមណីយដ្ឋានកាសុីណូដ៏អ៊ូអរ។
ប្រទេសចិនជាប្រភពអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ខណៈការវិនិយោគភាគច្រើនរបស់ចិនផ្តោតលើការកសាងកំពង់ផែនៅឈូងសមុទ្រថៃ ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់រដ្ឋាភិបាលចិន។
កម្ពុជាបានទាក់ទាញយ៉ាងសកម្មនូវការបណ្តាក់ទុនវិនិយោគពីបណ្តាសហគ្រាសរដ្ឋរបស់ទីក្រុងប៉េកាំង។ការណ៍នេះបានធ្វើឱ្យខេត្តព្រះសីហនុ មានការប្រែប្រួលជារៀងរាល់ឆ្នាំ។
-->
យោងតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា តំបន់នេះមានផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់ៗ( GDP Per Capita)ចំនួន៤.០០០ដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹងប្រមាណ២ដងនៃមធ្យមភាគប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ប្រាក់ចំណូលនេះត្រូវបានជំរុញភាគច្រើនដោយរោងចក្រផលិតកម្មរបស់វិនិយោគិនចិននៅខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា “តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជានិមិត្តរូបនៃទំនាក់ទំនងកម្ពុជា-ចិន”។ លោកបានបង្ហាញក្តីសង្ឃឹមថា ក្រៅពីកាសុីណូ ខេត្តព្រះសីហនុនឹងមានការរីកចម្រើនលើសពីនេះ។
លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់ទៅកាន់កាសែត AFP ថា “ខេត្តព្រះសីហនុស្វាគមន៍ការវិនិយោគពីគ្រប់ប្រទេសទាំងអស់។កម្ពុជាជាប្រទេសតូចមួយ។ ដូច្នេះ យើងមិនមានជម្រើសទេ”។
ជាក់ស្តែង គម្រោងអចលនទ្រព្យ Peninsula Bay តម្លៃ១ពាន់លានដុល្លារអាមេរិកស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងស្ថិតក្រោមការសាងសង់ ក្នុងគោលដៅធ្វើឱ្យទីក្រុងព្រះសីហនុមានភាពអស្ចារ្យសារជាថ្មី៕ប្រភព: AFP៕
